(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្រ្តីអេស៉្បាញ លោក Pedro Sanchez នាថ្ងៃសុក្រនេះបានប្រកាសថា ការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងមុនអាណត្តិ ក្នុងខែមេសា ខាងមុខ ដែលពីដំបូងឡើយត្រូវប្រព្រឹត្តទៅនាឆ្នាំក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិអេស៉្បាញ លោក Sanchez បានលើកឡើងយ៉ាងដូច្នេះថា «រវាងការអង្គុយស្ងៀមហើយបន្តទៅមុខដោយពុំមានកញ្ចប់ថវិកា និងការអំពាវនាវឲ្យប្រជាជនអេស៉្បាញបញ្ចេញយោបល់របស់ពួកគេ ខ្ញុំរើសយកជម្រើសទីពីរ។ ប្រទេសអេស៉្បាញត្រូវតែបន្តវិវឌ្ឍន៍ទៅមុខ ដោយភាពយោគយល់ ដោយការគោរព និងចេះប្រមាណខ្លួន ព្រមទាំងមានការត្រិះរិះពិចារណាត្រឹមត្រូវ។ ដូច្នេះហើយ ខ្ញុំបានស្នើរំលាយសភា និងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៨ ខែមេសា»។
ដោយឡែក គណបក្សពលករសង្គមនិយមអេស៉្បាញ PSOE របស់លោក Sanchez ដែលបានបង្កើតរដ្ឋាភិបាល កាន់កាប់អាសនៈតែ៦២ប៉ុណ្ណោះនៃអាសនៈទាំង២៦៦ នៅសភាជាន់ខ្ពស់ និង៨៤អាសនៈនៃអាសនៈទាំង៣៥០ នៅសភាជាន់ទាបនៃសភារបស់ប្រទេសអេស៉្បាញ។
គួរជម្រាបថា លោក Pedro Sanchez បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីអេស៉្បាញ កាលពីខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីរដ្ឋាភិបាលអភិរក្សនិយមមុនត្រូវបានទម្លាក់ពីអំណាច នៅក្នុងការបោះឆ្នោតស្ទង់ទំនុកចិត្ត។ សម្រាប់ការបោះឆ្នោតសកលខាងលើដែលស្នើឡើងដោយលោក Sanchez នឹងជាការបោះឆ្នោតសាកលលើកទី០៣ហើយ នៅអេស៉្បាញ ក្នុងអំឡុងពេលមិនដល់០៤ឆ្នាំឡើយ៕