(ប៉ារីស)៖ រដ្ឋមន្ត្រីបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី ណាថាលី ឡយហ្សូ (Nathalie Loiseau) បានឱ្យដឹងថា អគ្គរដ្ឋទូតបារាំងប្រចាំប្រទេសអ៊ីតាលី ដែលត្រូវបានកោះហៅមកកាន់ទីក្រុងប៉ារីស កាលពីដើមខែកុម្ភៈកន្លងទៅនោះ ត្រូវបានបង្គប់ឲ្យធ្វើដំណើរត្រឡប់ទៅទីក្រុងរ៉ូមវិញ នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងប្រាប់វិទ្យុបារាំង RTL លោកស្រី Loiseau បានបញ្ជាក់យ៉ាងដូច្នេះថា «លោកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសអ៊ីតាលី នឹងត្រឡប់ទៅកាន់ទីក្រុងរ៉ូមវិញនៅថ្ងៃសុក្រនេះ... បន្ទាប់ពីប្រធានាធិបតីអ៊ីតាលី និងប្រធានាធិបតីបារាំងបានឈានដល់ការឯកភាពគ្នាមួយ និងបង្ហាញពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង ២ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ»។
គួរជម្រាបថា រដ្ឋាភិបាលបារាំងបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនមកស្រុកវិញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ហើយដែលនេះត្រូវបានគេមើលឃើញថា ជាការកោះហៅមន្ត្រីទូតជាន់ខ្ពស់បារាំងប្រចាំទីក្រុងរ៉ូម ជាលើកដំបូងបំផុតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី ២ មក។ លើសពីនេះទៅទៀត ការសម្រេចចិត្តនេះទៀតសោតបានកើតមានឡើងក្រោយមន្ត្រីជាន់ខ្ពស់អ៊ីតាលី បានជួបជាមួយមេដឹកនាំក្រុមបាតុករអាវកាក់ពណ៌លឿង និងរិះគន់ធ្ងន់ៗលើគោលនយោបាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ខណៈដែលអ៊ីតាលីខ្លួនឯងជិតរៀបចំការបោះឆ្នោតសកលទៅហើយ៕