(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនបានប្រកាសដាក់ឈ្មោះ ទីតាំងចុះចតរបស់យាន ឆាងអឺ ៤ (Chang'e-4) ព្រមទាំងតំបន់ភូមិសាស្រ្តមួយចំនួនទៀតនៅលើផ្ទៃព្រះច័ន្ទ មួយចំហៀងទៀតដែលខ្លួនខំធ្វើការសិក្សាស្រាវជ្រាវ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងអំឡុងសន្និសីទសារព័ត៌មានរួមមួយរបស់ ទីភ្នាក់ងារអវកាសជាតិចិន CNSA និងបណ្ឌិតសភាវិទ្យាសាស្រ្តចិន ព្រមទាំងសហភាពអវកាសអន្តរជាតិ IAU នាថ្ងៃសុក្រនេះ កន្លែងចុះចតនៃយាន Chang'e-4 ត្រូវបានគេប្រកាសថា មានឈ្មោះ «Statio Tianhe»។ ជាមួយគ្នានោះរណ្តៅខ្នាតតូចចំនួន ០៣ ដែលនៅក្បែរកន្លែងចុះចត ត្រូវបានដាក់ឈ្មោះថា «Zhinyu» «Hegu» និង «Tianjin» ខណៈចំណុចខ្ពស់មួយនៅកណ្តាលរណ្តៅអាចម៍ផ្កាយ Von Karman ត្រូវហៅថា «Mons Tai»។
គួរជម្រាបថា យាន Chang'e-4 របស់ប្រទេសចិន ត្រូវបានបាញ់បង្ហោះចេញពីផែនដីកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ និងបានចុះទៅដល់រណ្តៅ Von Karman ស្ថិតក្នុងតំបន់ South Pole–Aitken Basin នៅថ្ងៃទី០៣ ខែមករា។ នេះគឺជាលើកដំបូងបំផុតដែលមានការបញ្ជូនវត្ថុពីផែនដីចុះទៅដល់ផ្ទៃនៃចំហៀងម្ខាងទៀតរបស់ព្រះច័ន្ទ ដែលមិនបែរមករកផែនដីប្រកបដោយជោគជ័យ ដែលពិភពលោកទាំងមូលចាប់អារម្មណ៍ជាខ្លាំង៕