(កង់បេរ៉ា)៖ អ្នកជំនាញសុខភាពផ្លូវចិត្ត លោក ផេទ្រីក ម៉ាកហ្គូ័ររី (Patrick McGorry) បានព្រមានថា ការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនគឺជាមូលហេតុ នៃបញ្ហាផ្លូវចិត្តដែលបានធ្វើឱ្យប្រទេសអូស្ត្រាលីខាងបង់ប្រាក់ ៤២.៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក McGorry ធ្វើការកត់សម្គាល់បែបនេះនៅមុនពេលត្រូវចូលរួមវេទិកាសុខភាពផ្លូវចិត្តមួយ រៀបចំឡើងក្នុងទីក្រុង អេឌែឡេដ (Adelaide) នៅថ្ងៃសុក្រនេះ។ លោកបានបន្ថែមទៀតថា អត្រានៃការធុញថប់ និងជំងឺធ្លាក់ទឹកចិត្តបានកើនឡើង អាស្រ័យទៅតាមកំណើននៃទូរស័ព្ទដៃស្មាតហ្វូន ដូច្នេះហើយទើបអ្នកជំនាញរូបនេះ បានអំពាវនាវឱ្យមានដំណោះស្រាយជាក់លាក់មួយ ដើម្បីដោះស្រាយបញ្ហាសុខភាព ផ្លូវចិត្ត ខណៈប្រជាជនអូស្ត្រាលី ១៦ភាគរយទទួលផលប៉ះពាល់ពីជំងឺបាក់ទឹកចិត្ត។
គួរបញ្ជាក់ថា លោក Patrick McGorry ត្រូវបានឈ្នះពានរង្វាន់ប្រចាំឆ្នាំអូស្ត្រាលី (Australian of the Year) កាលពីឆ្នាំ២០១០ សម្រាប់ការបំពេញការងារផ្នែកសុខភាពផ្លូវចិត្ត និងបង្កើតសមាគមជាតិសុខភាពផ្លូវចិត្តអូស្រ្ដាលី។ លោកបានដឹកនាំក្រុមការងារស្រាវជ្រាវពីបញ្ហាសុខភាពជាច្រើនមុខ ជាពិសេសសុខភាពផ្លូវចិត្ត ដែលបាននិងកំពុងបង្កឡើងដោយកត្តាជាច្រើន ហើយក្នុងនោះការប្រើប្រាស់បច្ចេកវិទ្យានៃឧបករណ៍អេឡិចត្រូនិក និងការលេងបណ្តាញសង្គម កំពុងក្លាយជាបញ្ហាចម្បង ដែលធ្វើឲ្យយុវវ័យអូស្ត្រាលីជាច្រើនរងគ្រោះទាំងផ្លូវការ និងសតិអារម្មណ៍៕