(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្ត្រអាមេរិក ដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យបានបោះឆ្នោតអនុម័តហើយ លើកញ្ចប់ថវិកាសហព័ន្ធសម្រាប់សន្តិសុខតំបន់ព្រំដែន ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាលជាថ្មីម្ដងទៀត ហើយការអនុម័តនឹងត្រូវបញ្ជូនឱ្យលោក ដូណាល់ ត្រាំ ចុះហត្ថលេខាបើទោះបីជាប្រធានាធិបតីរូបនេះបានគំរាម ប្រកាសអាសន្នផ្នែកសន្តិសុខក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
សភាតំណាងរាស្ត្រអាមេរិក បានបោះឆ្នោតអនុម័តកញ្ចប់ថវិកាសហព័ន្ធខាងលើក្នុងសំឡេងគាំទ្រ ៣០០ ទល់នឹងសំឡេងប្រឆាំង ១២៨ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។ ម្យ៉ាងវិញទៀតការអនុម័តនេះនឹងផ្ដល់ថវិកា ១.៣៧ពាន់លានដុល្លារដល់គម្រោងសង់ជញ្ជាំងព្រំដែនរបស់លោក ដូណាល់ ត្រាំ ក្នុងនោះរួមមានទាំងការសាងសង់របងដែកព្រំដែនបន្ថែម ជាមួយផ្នែកខ្លះនៃតំបន់ព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ។ ប៉ុន្តែវាមិនមែនជាកញ្ចប់ថវិកា ៥.៧ពាន់លានដុល្លារដែលលោក ត្រាំ ចង់បាននោះឡើយ។
គួរជម្រាបថា បើតាមសេតវិមាន លោក ដូណាល់ ត្រាំ អាចនឹងចុះហត្ថលេខាលើការអនុម័តកញ្ចប់ថវិការបស់សភាអាមេរិក ប៉ុន្តែ ទន្ទឹមគ្នាប្រធានាធិបតីអាមេរិករូបនេះ ក៏បានបញ្ជាក់បែបព្រមានដែរថា លោកនឹងប្រកាសពីភាពអាសន្នផ្នែកសន្តិសុខជាតិ ដើម្បីដាក់សម្ពាធឱ្យសភា យល់ព្រមអនុម័តលើកញ្ចប់ថវិកាសង់ជញ្ជាំង នៅតំបន់ព្រំដែនភាគខាងត្បូងជាប់ម៉ិចស៊ីកូ តាមដែលលោកចង់បាន៕