(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុន E-Commerce ធំបំផុតរបស់សហរដ្ឋអាមេរិក Amazon នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានប្រកាសបោះបង់ចោលគម្រោងសាងសង់ទីស្នាក់ការថ្មី នៅឯទីក្រុងញូយ៉ក ដោយសារតែការប្រឆាំងពីអ្នកនយោបាយមួយចំនួន នៅក្នុងទីក្រុងក៏ដូចជានៅក្នុងរដ្ឋញូយ៉ក ខណៈអ្នកញូយ៉កភាគច្រើនគាំទ្រផែនការនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «បន្ទាប់ពីពិចារណាឡើងវិញយ៉ាងហ្មត់ចត់ ពួកយើងបានសម្រេចថា នឹងមិនអនុវត្តន៍គម្រោងសាងសង់ទីស្នាក់ការថ្មីសម្រាប់ Amazon នៅឯតំបន់ ឡងអាយឡេនដ៍ (Long Island City) ក្នុងសង្កាត់ ឃ្វីនស៍ (Queens) នៃទីក្រុងញូយ៉កឡើយ»។ ជុំវិញការប្រកាសនេះ អភិបាលក្រុងញូយ៉ក លោក Bill de Blasio បានសម្តែងការសោកស្តាយនិងខកចិត្តជាខ្លាំង។
Amazon បានបន្តទៀតថា បើតាមការស្ទង់មតិប្រជាជនក្រុងញូយ៉ក ៧០ភាគរយ គាំទ្រគម្រោង និងការវិនិយោគរបស់ក្រុមហ៊ុននៅក្នុងទីក្រុងនេះ ប៉ុន្តែអ្នកនយោបាយមួយចំនួនក្នុងទីក្រុង និងរដ្ឋញូយ៉កបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេជំទាស់ដាច់ខាតចំពោះវត្តមានរបស់ Amazon ហើយនឹងមិនព្រមសហការកសាងទំនាក់ទំនង ដែលចាំបាច់សម្រាប់ការអនុវត្តន៍គម្រោងសាងសង់ទីស្នាក់ការដែល Amazon ផ្ទាល់ និងមនុស្សជាច្រើនទៀត បានទន្ទឹងរង់ចាំថា នឹងលេចឡើងនៅតំបន់ Long Island City នោះឡើយ។
គួរជម្រាបថា កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន Amazon បានប្រកាសអំពីការរកមើលទីតាំងសម្រាប់ទីស្នាក់ការថ្មី ដែលជាហេតុធ្វើឲ្យទីក្រុងអាមេរិកជាង ២០០ទីក្រុង ប្រកួតប្រជែងគ្នាដើម្បីទាក់ទាញទំហំវិនិយោគដ៏ធំសម្បើមរបស់ក្រុមហ៊ុន។ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០១៨ Amazon បានឲ្យដឹងថា ខ្លួននឹងសាងសង់ទីស្នាក់ការថ្មី ០២កន្លែង មួយនៅសង្កាត់ Queens ក្រុងញូយ៉ក ដែលនឹងផ្តល់ឱកាសការងារជាង ២៥,០០០កន្លែង និងមួយទៀតនៅរដ្ឋ វ៉ឺជីនៀ (Virginia)។
Amazon បានបញ្ជាក់ថា ក្រុមហ៊ុននឹងមិនរកទីតាំងថ្មីជំនួសទីក្រុងញូយ៉កឡើយ ប៉ុន្តែនឹងបន្តឆ្ពោះទៅមុខជាមួយគម្រោងសង់ទីស្នាក់ការនៅ Virginia ហើយការសាងសង់មជ្ឈមណ្ឌលប្រតិបត្តិការរបស់ខ្លួន នៅក្រុង ណាសវាល (Nashville) នៃរដ្ឋ ថេនណេស៊ី (Tennessee) ក៏ពុំមានការប្រែប្រួលដែរ៕