(វ៉ាស៊ីនតោន)៖ ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រៀមនឹងចុះហត្ថលេខាលើសេចក្តីព្រាងកញ្ចប់ថវិកា ដើម្បីបញ្ចៀសការបិទទ្វាររដ្ឋាភិបាលសាជាថ្មី រូបលោកនឹងក៏នឹងប្រើអំណាចប្រតិបត្តិរបស់លោក ប្រកាសភាពអាសន្នផ្នែកសន្តិសុខ ដើម្បីចាយលុយ០៧ពាន់លានដុល្លារសម្រាប់ជញ្ជាំងព្រំដែន ដែលលោកចង់បានផងដែរ។ នេះបើតាមប្រភពពីមន្រ្តីសេតវិមានម្នាក់ ដកស្រង់សម្តីដោយសារព័ត៌មាន Fox News នៅរសៀលថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមប្រភពខាងលើ លោក ដូណាល់ ត្រាំ នឹងប្រកាសថា លោកនឹងប្រើប្រាស់អំណាចប្រតិបត្តិ ដើម្បីប្រមូលមូលនិធិពីស្ថាប័នចម្រុះរបស់រដ្ឋាភិបាល ដើម្បីរួមគ្នាជួយផ្តល់លុយសម្រាប់ការសាងសង់ ជញ្ជាំងនៅតាមព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដោយក្នុងនោះរួមមានទាំងការប្រកាសភាពអាសន្នផ្នែកសន្តិសុខផងដែរ។
សម្រាប់ទំហំទឹកលុយត្រូវបានមន្រ្តីសេតវិមានដដែលអះអាងថា នឹងមានចំនួនខ្ទង់ ០៨ពាន់លានដុល្លារ ប៉ុន្តែពុំមន្រ្តីរូបនោះពុំបានបញ្ជាក់ថវិកាដ៏ច្រើនសម្បើមនេះ នឹងបានមកពីស្ថាប័ន ឬប្រភពណាខ្លះ ឬក៏ថា តើសកម្មភាពនៃបញ្ជាប្រតិបត្តិរបស់សេតវិមានដែល លោក ត្រាំ នឹងប្រកាសចេញនេះ នឹងត្រូវទទួលរងការតតាំងនៅក្នុងតុលាការដែរ ឬយ៉ាងណាឡើយ ព្រោះថាគណបក្សប្រជាធិបតេយ្យទំនងជានឹងបណ្តោយឲ្យវា ដំណើរការទៅយ៉ាងរលូននោះឡើយ។
គួរជម្រាបថា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សភាទាំងពីររបស់អាមេរិកបានបោះឆ្នោតអនុម័តកញ្ចប់ថវិកាសហព័ន្ធ ដែលសំដៅបញ្ចៀសការបិទទ្វាររដ្ឋាភិបាលរហូតដល់ចុងខែកញ្ញា ហើយក្នុងនោះមានការផ្ដល់ថវិកា ១.៣៧ពាន់លានដុល្លារដល់ គម្រោងពង្រឹងសន្តិសុខព្រំដែនរបស់លោក ដូណាល់ ត្រាំ ដោយរួមមានទាំងការសាងសង់របងព្រំដែនបន្ថែមជាមួយផ្នែកខ្លះនៃតំបន់ព្រំដែនជាប់ប្រទេសម៉ិចស៊ីកូ ក៏ប៉ុន្តែវាមិនមែនជាកញ្ចប់ថវិកា ៥.៧ពាន់លានដុល្លារដែលលោក ត្រាំ ចង់បាននោះឡើយ៕