(វ៉ាស៊ីនតោន)៖ ក្រុមបក្សប្រឆាំងនៃប្រទេសវេណេស៊ុយអេឡា នឹងរៀបចំចាត់ចែងបង្កើតការទាក់ទងជាមួយប្រទេសរុស្ស៊ី ដើម្បីជជែកអំពីបញ្ហាជាច្រើន។ នេះបើតាមលោក ចូស ម៉ានូអែល អូលីវ៉ារែស (Jose Manuel Olivares) អនុប្រធានរដ្ឋសភាវេណេស៊ុយអេឡា ដែលគ្រប់គ្រងដោយគណបក្សប្រឆាំង ដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ថ្លែងនៅក្នុងអំឡុងសន្និសីទស្តីពីវិបត្តិនៅវេណេស៊ុយអេឡា នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Olivares បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំគិតថាមធ្យោបាយនៃការទាក់ទងរវាងរដ្ឋាភិបាលថ្មីវេណេស៊ុយអេឡា និងប្រទេសរុស្ស៊ី នឹងត្រូវបង្កើតឡើងក្នុងរបៀបណាមួយ»។ ជាមួយគ្នានេះ លោក ដេវីដេ ស្មូឡេនស្កាយ (David Smolansky) ដែលជាមន្រ្តីម្នាក់របស់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) បានបង្ហាញក្តីសង្ឃឹមថា រុស្ស៊ី និងចិន នឹងជួយដល់ការធ្វើអន្តរកាលនៃអំណាចនៅវេណេស៊ុយអេឡា។
ថ្មីៗកន្លងទៅនេះក៏មានព័ត៌មានផងដែរថា ក្រុមគណបក្សប្រឆាំងវេណេស៊ុយអេឡា បានជួបពិភាក្សាគ្នាជាមួយក្រុមអ្នកតំណាងមកពីប្រទេសចិន នៅឯរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែព័ត៌មាននេះត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធ។ កាលពីខែមករាកន្លងទៅ លោក Guaido ធ្លាប់បាននិយាយថា លោកបានផ្ញើសារទៅកាន់រុស្ស៊ី និងចិន និងអះអាងថា ប្រទេសទាំងពីរមានការចាប់អារម្មណ៍ក្នុងការផ្លាស់ប្តូររបបដឹកនាំនៅវេណេស៊ុយអេឡា តែវិមានក្រឹមឡាំងបានបញ្ជាក់ថា មិនបានទទួលសារណាមួយពីលោក Guaido នោះឡើយ។
គួរជម្រាបថា ប្រទេសរុស្ស៊ី និងចិន ព្រមទាំងប្រទេសមួយចំនួនទៀត មិនបានទទួលស្គាល់លោក Juan Guaido ដែលបានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ជាមេដឹកនាំនៃប្រទេសអាមេរិកឡាទីននេះឡើយ ហើយមហាយក្សយោធាលេខ ២ និង ៣ លើពិភពលោកនេះនៅតែទទួលស្គាល់ លោក នីកូឡាស់ ម៉ាឌូរ៉ូ និងរដ្ឋាភិបាលរបស់លោក ជាដៃគូរបស់ពួកខ្លួន ព្រមទាំងប្រឆាំងការលូកលាន់កិច្ចការផ្ទៃក្នុងវេណេស៊ុយអេឡា ពីសំណាក់សហរដ្ឋអាមេរិកផងដែរ៕