(ប៉ារីស)៖ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ដែលជាបុណ្យពេញនិយមមួយនៅទ្វីបអឺរ៉ុបនោះ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានបញ្ចេញរូបភាពនៃកោះមួយឈ្មោះថា មូរៀ (Moorea) ដែលមានរាងដូចបេះដូងក្នុងដែនដីប្រជុំកោះ ប៉ូលីណេស៊ី-បារាំង (French Polynesia) កម្មសិទ្ធិរបស់ប្រទេសបារាំង នៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែវាក៏ជាសញ្ញាគួរឲ្យព្រួយបារម្ភ នៃបញ្ហាបម្រែប្រួលអាកាសធាតុពិភពលោកផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបភាពនេះថតបានដោយផ្កាយរណប Copernicus Sentinel-2 របស់ទីភ្នាក់ងារអវកាស ESA ដែលស្ថិតក្នុងបណ្តាញនៃប្រព័ន្ធផ្កាយរណបអង្កេតការណ៍ ដែលបាញ់ព័ត៌មានត្រឡប់មកផ្ទៃផែនដី អំពីស្ថានភាពនៃបញ្ហាបម្រែបម្រួលអាកាសធាតុ និងថាតើប្រព័ន្ធជីវចម្រុះនៅតាមតំបន់នីមួយៗ ប្រតិកម្មបែបណាទៅនឹងការប្រែប្រួលនេះ។
បើតាម ESA ការដែលរូបភាពបង្ហាញរុក្ខជាតិនៅលើកោះទៅជាពណ៌ក្រហមឆ្អៅបែបនេះ បានបង្ហាញឲ្យឃើញថា Moorea កោះឋានសួគ៌ដែលគូស្នេហ៍មួយចំនួនលើពិភពលោក ប្រាថ្នាទៅលេងឲ្យបានក្នុងមួយជីវិតនោះ គឺជាជម្រកនៃប្រព័ន្ធជីវចម្រុះយ៉ាងសម្បូរបែប ប៉ុន្តែដោយសារតែមនុស្សដែលបានរស់នៅលើកោះនេះអស់រយៈពេល ១,២០០ឆ្នាំមកហើយ កំពុងតែបន្តធ្វើឲ្យរុក្ខជាតិទីនោះមានការប្រែប្រួល។
ដោយឡែកសម្រាប់ផ្នែកដែលនៅព័ទ្ធជុំវិញវិញកោះកោះ មើលទៅនៅមានសភាពល្អជាធម្មតា។ ផ្នែកទាំងនោះគឺជាថ្មប៉ប្រះទឹក ប៉ុន្តែបើតាម ESA គឺមិនខុសពីថ្មប៉ប្រះទឹកទាំងអស់នៅលើផែនដី ពួកវាកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ ពីសំរាមប្លាស្ទិច ការនេសាទ និងលំហូរនៃថ្នាំសម្លាប់សត្វចង្រៃដែលមកពីវិស័យកសិកម្ម។ ជារួមរាល់ថ្មប៉ប្រះទឹកនានានៅជុំវិញពិភពលោក កំពុងតែឆ្ពោះទៅរកសេចក្តីវិនាសហិនហោច ដោយសារតែការកើនឡើងនៃសីតុណ្ហភាពសកល ដែលជាប់ពាក់ព័ន្ធនឹងការធ្វើឲ្យមហាសមុទ្រកើនឡើងជាតិអាស៊ីដជាដើម៕