(ម៉ូស្គូ)៖ រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ បានប្រាប់តួកគីត្រង់ៗថាមិនមានសិទ្ធិបង្កើតតំបន់សុវត្ថិភាពនៅក្នុងប្រទេសស៊ីរីឡើយ បើសិនជាគ្មានការយល់ព្រមពីរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
តួកគីចង់បង្កើតតំបន់សុវត្ថិភាពនៅភាគឦសានប្រទេសស៊ីរី ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក រួម ទាំងតំបន់ស្ថិតនៅក្បែរព្រំដែនតួកគី ដើម្បីងាយស្រួលបោសសំអាតក្រុមឧទ្ទាមឃើដ YPG។ ប៉ុន្តែ ទីក្រុងម៉ូស្គូបានបញ្ជាក់ថាទីក្រុង អង់ការ៉ាត្រូវការការយល់ព្រមពីលោកអាសាដ ជាមុនសិនមុននឹងចង់បង្កើតតំបន់សុវត្ថិភាពនេះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានលើកឡើងដូច្នេះថា៖«រាល់ការចង់បង្កើតតំបន់សុវត្ថិភាព ឬក៏រក្សាវត្ដមានយោធានៅលើទឹកដីនៃប្រទេសមួយ ជាពិសេសគឺស៊ីរី ត្រូវតែទទួលបានភ្លើងខៀវពីទីក្រុងដាម៉ាស់ជាមុនសិន»។
គួរជម្រាបថា ប្រតិកម្មខាងលើរបស់ទីក្រុងម៉ូស្គូ កើតមានឡើង នៅចំពេលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរៀបចំកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី ជាមួយសមភាគីតួកគី លោក អឺដូហ្កាន់ និងសមភាគីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ដើម្បីពិភាក្សាគ្នាពីអនាគតប្រទេសស៊ីរី៕