(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់នាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ទីក្រុងតេហេរ៉ង់នឹងធ្វើការសងសឹកទៅលើក្រុមជនដៃដល់ដែលបានធ្វើសកម្មភាពវាយប្រហារភេរវកម្មយ៉ាងប្រល័យនាពេលថ្មីៗនេះ មកលើកងការពារសន្តិសុខជាតិអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បាននិយាយថា កងកម្លាំងយោធានិងការពារសន្តិសុខនៃប្រទេសអ៊ីរ៉ង់ ក្នុងពេលឆាប់ៗខាងមុខច្បាស់ជានឹងធ្វើការសងសឹកចំពោះករណីភេរវកម្មថ្មីៗកន្លងទៅនេះ ដែលធ្វើឡើងដោយភេរវជនម្នាក់ ដែលបានធ្វើសកម្មភាពវាយប្រហារមកលើកងកម្លាំងឆ្មាំការពារជាតិអ៊ីរ៉ង់ IRGC នៅខេត្ត Sistan និង Baluchestan កាលពីថ្ងៃពុធសប្តាហ៍នេះ។
គួរជម្រាបថា បើតាមសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ IRGC កម្លាំងរបស់ខ្លួនយ៉ាងតិច២៧នាក់បានស្លាប់ និង១៣នាក់ទៀតបានរងរបួស នៅក្នុងវាយប្រហារខាងលើ ដែលត្រូវក្រុមឧទ្ទាម Jaish al-Adl Sunni នៅក្នុងប្រទេសប៉ាគីស្ថាន ចេញមុខអះអាងថាជាទង្វើរបស់ពួកគេ៕