(វ៉ាស៊ីនតោន)៖ ទីបំផុតទីភ្នាក់ងារអវកាសអាមេរិក NASA នាថ្ងៃពុធសប្តាហ៍នេះ បានប្រកាសបិទបញ្ចប់ជាផ្លូវការនូវបេសកកម្មរបស់យានរុករក Opportunity ហើយ បន្ទាប់ពីវាបានប្រឹងប្រែងធ្វើការសិក្សាស្រាវជ្រាវរយៈពេល ១៥ឆ្នាំ នៅលើផ្ទៃនៃភពអង្គារ (Mars)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ចុះទៅដល់ភពអង្គារកាលពីដើមឆ្នាំ២០០៤ តាមពិត Opportunity ត្រូវអង្គការ NASA រំពឹងថានឹងធ្វើប្រតិបត្តិការសម្រាប់ ០៣ខែប៉ុណ្ណោះ។ ប៉ុន្តែកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ យានដែលដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ក៏បានដាច់ការទាក់ទងជាមួយភពរបស់យើង ក្នុងអំឡុងការគ្របដណ្តប់នៃព្យុះខ្សាច់ដ៏មហិមាមួយ នៅលើភពអង្គារ។
ចាប់តាំងពីនោះមក NASA បានព្យាយាមជាច្រើនលើក ដើម្បីភ្ជាប់ការទាក់ទងឡើងវិញជាមួយយានកង់ ០៦នេះ ខណៈការទាក់ទងលើកចុងក្រោយដើម្បីដាស់ Opportunity ឲ្យភ្ញាក់ដឹងខ្លួនវិញនោះ ធ្វើឡើងនាថ្ងៃអង្គារសប្តាហ៍នេះ ក៏ប៉ុន្តែពុំមានការឆ្លើយតបពីវាត្រឡប់មកវិញឡើយ។ ដូច្នេះអង្គការ NASA បានសម្រេចប្រកាសបញ្ចប់បេសកកម្មរបស់យាន Opportunity ជាផ្លូវការតែម្តង។
គួរជម្រាបថា យាន Opportunity បានចុះទៅដល់ផ្ទៃភពអង្គារ នៅប៉ុន្មានសប្តាហ៍ក្រោយ យាន Spirit ដែលជាបងប្អូនភ្លោះរបស់វា។ នៅឆ្នាំ២០១០ យាន Spirit ក៏បានបញ្ចប់បេសកកម្មរបស់វា ដោយសារដំណើរការលែងកើត ហើយ NASA បានប្រកាសអំពីដំណឹងនេះនៅឆ្នាំ២០១១។
ទោះជាបែបនេះក្តី យានរុករកមួយទៀតឈ្មោះថា Curiosity ដែលបានទៅដល់ភពអង្គារនៅឆ្នាំ២០១២ កំពុងបន្តបេសកកម្មរបស់វាជាធម្មតានៅទីនោះ។ ចំណែកឯយាន InSight ដែលជាយានប្រភេទ Lander (មិនអាចផ្លាស់ទីបាន) រចនាឡើងដើម្បីសិក្សាពីស្រទាប់ផ្នែកខាងក្នុងរបស់ Mars ទើបតែបានធ្វើដំណើរទៅដល់ភពក្រហមនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៨។
យាន InSight និងយាន Rover បន្ទាប់ ដែលនឹងត្រូវចេញបេសកកម្មនៅឆ្នាំ២០២០ ត្រូវគេចាត់ទុកថា ជាអ្នកត្រួសត្រាយផ្លូវសម្រាប់ផែនការបញ្ជូនមនុស្ស ឲ្យទៅរុករកដោយផ្ទាល់នៅភពអង្គារ ដែលជាគោលដៅប្រធានអង្គការ NASA លោក Jim Bridenstine បានអះអាងប្រហែលជាអាចសម្រេចបានឆាប់បំផុត នៅពាក់កណ្តាលទសវត្សរ៍២០៣០៕