(វ៉ាស៊ីនតោន)៖ ខ្មោចនាវាដឹកយន្តហោះចម្បាំងអាមេរិកមួយគ្រឿង កាលពីសម័យសង្រ្គាមលោកលើកទីពីរ ត្រូវបានអ្នកស្រាវជ្រាវរកឃើញនៅឯបាតមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ១៩៤២ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Hornet បានទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៅក្នុងសមរភូមិជាមួយប្រទេសជប៉ុន នៅឯប្រជុំកោះ សាន់តាគ្រូស (Santa Cruz) លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក។ ក្នុងចំណោមនាវិកទាំង ២,២០០នាក់ ដែលមានវត្តមាននៅលើនាវាចម្បាំងនោះ ប្រមាណ ១៤០នាក់បានបាត់បង់ជីវិត។ នៅពេលដែលវាលិចបាត់ចូលក្នុងផ្ទៃសមុទ្រនាថ្ងៃនោះ ពុំមាននរណាម្នាក់បានឃើញនាវាចម្បាំង ហរណិត (Hornet) ទៀតឡើយ។
រហូតមកដល់ចុងខែមករាកន្លងទៅ កប៉ាល់ស្រាវជ្រាវមួយគ្រឿងឈ្មោះ R/V Petrel ក៏បានរកឃើញខ្មោចនាវាដឹកយន្តហោះចម្បាំងក្នុងសង្រ្គាមលោកនេះ នៅជម្រៅជាង ០៥គីឡូម៉ែត្រក្រោមផ្ទៃទឹកនៃតំបន់ភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែរប្រជុំកោះ សូឡូម៉ុន (Solomon) ខណៈរយៈពេលជាង ៧៦ឆ្នាំបានកន្លងផុតទៅ។ ដំណឹងនៃការរកឃើញនាវា Hornet ត្រូវបានប្រកាសដោយក្រុមហ៊ុនអាមេរិក វ៉ុលខេន (Vulcan Inc.) ដែលបង្កើតឡើងដោយអតីតមហាសេដ្ឋី និងជាសហស្ថានិកក្រុមហ៊ុន Microsoft លោក ផូល អាឡេន (Paul Allen) ដែលជាម្ចាស់កប៉ាល់ ផេត្រេល (Petrel)។
គួរជម្រាបថា នាវាដឹកយន្តហោះចម្បាំង Hornet មានឈ្មោះល្បីរន្ទឺនាសម័យសង្រ្គាមលោកលើកទីពីរ ដោយសារការបើកប្រតិបត្តិការហៅថា ឌូលីតថល រ៉េដ (Doolittle Raid) ទៅលើទីក្រុងតូក្យូ និងទីតាំងឯទៀតៗរបស់ជប៉ុន នៅខែមេសា ឆ្នាំ១៩៤២ ពោលគឺ០៤ខែក្រោយមានការវាយប្រហារលើកំពង់ផែ ភាលហាប៊ឺ (Pearl Harbor) របស់សហរដ្ឋអាមេរិក។ ប្រការនេះបង្ហាញថា ដែនដីនៃប្រទេសជប៉ុនអាចងាយនឹងទទួលរងការវាយលុកពីផ្លូវអាកាសរបស់អាមេរិកបាន។
ពីរខែក្រោយមក Hornet បានដើរតួនាទីយ៉ាងសំខាន់ អំឡុងសមរភូមិនៃតំបន់ថ្មប៉ប្រះទឹក មីដវេយ៍ (Midway) ដែលវាបានជួយក្នុងការពន្លិចនាវាដឹកយន្តហោះចម្បាំងចំនួន ០៤គ្រឿងរបស់ជប៉ុន។ ហើយជ័យជម្នះនៃសមរភូមិនេះ បានជួយអាមេរិកជាខ្លាំង ក្នុងសង្រ្គាមនៅតំបន់ប៉ាស៊ីហ្វិក។
យ៉ាងណាមិញ នាវាដឹកយន្តហោះចម្បាំងនេះបានរងគ្រោះយ៉ាងដំណំ ពីក្រុមយន្តហោះជ្រមុជទម្លាក់គ្រាប់បែក និងយន្តហោះបាញ់មីស៊ីលរត់ក្រោមទឹក (Torpedo) នៅក្នុងសមរភូមិនៃទីប្រជុំកោះ Santa Cruz រួចមកវាបានលិចចូលក្នុងផ្ទៃសមុទ្រ ហើយជប៉ុនក៏បានទទួលជ័យជម្នះនាគ្រានោះ តែជាមួយការខាតបង់កម្លាំងច្រើនគួរសម៕