(ការ៉ាកាស់)៖ សារព័ត៌មានអាមេរិក Wall Street Journal កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ក្រុមមន្ត្រីបក្សប្រឆាំងវេណេស៊យអេឡា បានជួបពិភាក្សាជាមួយក្រុមមន្ត្រីរដ្ឋាភិបាលចិន ប៉ុន្តែព័ត៌មាននេះត្រូវបានក្រសួងការបរទេសចិន ចេញសេចក្តីថ្លែងការណ៍បដិសេធ ភ្លាមៗជាមួយការអះអាងថា «វាគឺជារឿងមិនពិត»។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ជុំវិញបញ្ហានេះដែរ អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ លោក អៃ សាន អូ (Ei Sun Oh) មកពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិក្នុងប្រទេសសិង្ហបុរីយល់ថា ប្រទេសចិនមិនងាយលែងដៃរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ឡើយព្រោះទីក្រុងការ៉ាកាស់ នៅជំពាក់បំណុលចិនរាប់ពាន់លានដុល្លារ ហើយរដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏មានទំនាក់ទំនងយុទ្ធសាស្ត្រល្អជាមួយគ្នាឈរលើផលប្រយោជន៍ទាំងសងខាង ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកផ្តាច់មុខ នៅក្នុងតំបន់អាមេរិកឡាទីនផងដែរ។
លោក Sun Oh បន្តទៀតថា មានតែចិនតែមួយគត់ដែលលោកមើលឃើញថា ហ៊ានចំណាយលុយពាន់លានយកទៅវិនិយោគនៅក្នុងប្រទេសវេណេស៊ុយអេឡា ខណៈសហរដ្ឋអាមេរិកប្រឹងដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំលោក ម៉ាឌូរ៉ូ ដើម្បីដកវេណេស៊ុយអេឡាចេញពីឥទ្ធិពលចិន និងរុស្ស៊ី ព្រោះប្រទេសអាមេរិកឡាទីនមួយនេះ ជាប្រទេសសម្បូរប្រេងបំផុតមួយនៅលើពិភពលោក ប៉ុន្តែមានទំនោរប្រឆាំងសហរដ្ឋអាមេរិកតាំងតែពីសម័យលោក ហ៊ូហ្គោ ឆាវែស នៅកាន់អំណាចម្ល៉េះ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយមុខវិបត្តិផ្ទុះឡើងកាន់តែខ្លាំង រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានបង្កើនទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងប្រទេសចិន ដើម្បីទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន ដែលរងគ្រោះដោយទណ្ឌកម្ម ប៉ុន្តែដោយសារតែទំនោរទៅរកចិន និងរុស្ស៊ីកាន់តែខ្លាំងនេះហើយ ទើបបណ្តាប្រទេសលោកខាងលិច ជាពិសេសអាមេរិក បានបញ្ចេញចំណាត់ការនានាជាច្រើនក្នុងន័យរារាំង ក្នុងនោះមានទាំងការជួយជ្រោមជ្រែងដល់បក្សប្រឆាំង និងការកៀរគរសម្ព័ន្ធមិត្តខ្លួនរិះគន់លើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ដែលកំពុងកាន់អំណាចថា កំពុងរំលោភសិទ្ធិមនុស្ស និងបង្កឲ្យវិបត្តិទុរភិក្សនៅវេណេស៊ុយអេឡា កាន់តែធ្ងន់ធ្ងរឡើងជាដើម៕