(ញូយ៉ក)៖ គោលនយោបាយអាមេរិកនៅក្នុងតំបន់អាស៊ី បាននិងកំពុងវិវត្តន៍ពីភាពអាក្រក់ទៅជាអាក្រក់បំផុត ដោយសារតែនយោបាយតម្កល់ផលប្រយោជន៍ជាតិអាមេរិកជាធំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើតាមលោកស្រី សីឡា ស្មីត (Sheila A Smith) ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកស្រី Sheila A Smith ជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយអន្តរជាតិម្នាក់ បានបន្ថែមទៀតថា កាលពីឆ្នាំ២០១៨ រដ្ឋបាលលោក ដូណាល់ ត្រាំ បានធ្វើឱ្យបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី មានការព្រួយបារម្ភជាខ្លាំង ជុំវិញសង្រ្គាមពាណិជ្ជកម្មរវាង អាមេរិក និងចិន ដែលនៅតែមិនទាន់បញ្ចប់ទាំងស្រុងមកទល់នឹងពេលបច្ចុប្បន្ន។ ការព្រួយបារម្ភរបស់បណ្ដាប្រទេសអាស៊ីនោះ គឺខ្លាចក្រែងសហរដ្ឋអាមេរិកអូសទាញពួកគេ ចូលប្រឡាក់ប្រឡូកក្នុងសង្រ្គាមពាណិជ្ជកម្មនេះដែរ។
លើសពីនេះទៅទៀត តាមរយៈគំនិតតម្កល់ផលប្រយោជន៍អាមេរិកជាធំ លោក ត្រាំ ថែមទាំងបានប្រកាសជាសាធារណ ឱ្យបណ្ដាប្រទេសដទៃទិញទំនិញបន្ថែមពីសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ព្រមទាំងផ្លាស់ប្ដូរគោលនយោបាយជាច្រើន ចំពោះតំបន់អាស៊ីក្នុងនោះរួមមានទាំងការកាត់បន្ថយការផ្ដល់ដល់ប្រទេស ដែលមិនមែនជាសម្ព័ន្ធមិត្តអាមេរិកទៀតផង។
គួរបញ្ជាក់ថា បើតាមលោកស្រី Sheila A Smith ប្រទេសក្នុងតំបន់អាស៊ីខ្លះ បាត់បង់ជំនឿចិត្តលើអាមេរិក គឺដោយសារតែទីក្រុងវ៉ាស៊ីនតោនខ្លួនឯងតែងតែអូសទាញឱ្យមិត្ត និងសម្ព័ន្ធមិត្តធ្លាក់ចូលក្នុងបញ្ហាផ្ទាល់ខ្លួន តាមរយៈការដាក់សម្ពាធ ឬទទូចឱ្យប្រទេសដទៃដើរតាមនយោបាយរបស់ខ្លួន ជាឧទាហរណ៍ដូចជាការដាក់ទណ្ឌកម្មលើកូរ៉េខាងជើងជាដើម៕