(គូឡាឡាំពួ)៖ មួយឆ្នាំក្រោយការស្លាប់របស់ស្រ្តីជាអ្នកបម្រើតាមផ្ទះ ជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលត្រូវម្ចាស់ខ្លួនបង្ខំឲ្យដេកនៅទីធ្លាខាងក្រៅជាមួយសត្វឆ្កែ ម្តាយរបស់នាងបានចេញមុខប្រកូកប្រកាសទាមទាររកយុត្តិធម៌ឲ្យកូនស្រីរបស់ខ្លួន ស្របពេលដែលសំណុំរឿងហាក់មានសភាពស្ងប់ស្ងាត់នៅក្នុងតុលាការម៉ាឡេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ការស្លាប់របស់នាង អាដេលីណា លីសៅ (Adelina Lisao) បានបង្កឲ្យមហាជនផ្ទុះកំហឹងជាខ្លាំង ខណៈម្ចាស់ផ្ទះដែលនាងបម្រើការងារ គឺម្តាយនិងកូនស្រីម្នាក់ ត្រូវបានតុលាការម៉ាឡេស៊ីចោទប្រកាន់ពីបទមនុស្សឃាត និងពីបទជួលជនបរទេសដោយពុំមានឯកសារត្រឹមត្រូវតាមច្បាប់។ ក៏ប៉ុន្តែមកទល់បច្ចុប្បន្ន សំណុំរឿងនេះហាក់ដូចជាមិនទៅមុខទៀតសោះ។
ហេតុដូចនេះម្តាយរបស់នាង ក៏បានចេញមុខជាថ្មីម្តងទៀត ដើម្បីអំពាវនាវឲ្យតុលាការម៉ាឡេស៊ីស្វែងរកយុត្តិធម៌ជូនកូនស្រីគាត់ឲ្យបានឆាប់ នាឱកាសខួបមរណភាពរបស់នាង Lisao។ ស្រ្តីជាម្តាយដែលមានឈ្មោះ យូហាណា បាណាន់អេក (Yohana Banunaek) បានលើកឡើងថា កូនស្រីគាត់មិនមែនស្លាប់ដោយជំងឺឈឺថ្កាត់ឡើយ តែដោយសារនាងបានរងទារុណកម្មដ៏អាក្រក់។
នាង Lisao ដែលមានវ័យខ្ទង់ ២០ឆ្នាំ ត្រូវបានគេជួយសង្រ្គោះចេញផ្ទះម្ចាស់របស់នាង ដែលស្ថិតក្នុងរដ្ឋ ផេណាង (Penang) ភាគខាងជើងម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីអ្នកក្បែរខាងបានរាយការណ៍ថា នាងបានដេកនៅក្បែរសត្វឆ្កែ ក្នុងកន្លែងចតរថយន្តមួយកន្លែងជាប់នឹងផ្ទះនោះជាច្រើនថ្ងៃមកហើយ។ អ្នកបម្រើដ៏អភ័ព្វម្នាក់នេះ ត្រូវគេរកឃើញថា មានស្នាមរបួសពេញមុខ ហើយក៏បានលាចាកលោកនៅថ្ងៃបន្ទាប់។
ករណីស្លាប់របស់នាង Lisao គឺស្ថិតក្នុងចំណោមករណីមួយចំនួនទៀតនៃអំពើហិង្សាលើជនអន្តោប្រវេសន៍ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានការពឹងផ្អែកខ្លាំងលើពលករបរទេស នៅក្នុងវិស័យចម្រុះចាប់តាំងពីផលិតកម្មរហូតដល់ស្រែចម្ការ និងការងារនៅតាមផ្ទះ។
តាមរបាយការណ៍ជាផ្លូវការ ម៉ាឡេស៊ីមានពលករចំណាកស្រុកពីបរទេសជិត ០២លាននាក់ ទោះបីមានការប៉ាន់ស្មានថា អាចមានខ្ទង់លាននាក់ដែលធ្វើការដោយខុសច្បាប់នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយជាច្រើននាក់ក្នុងចំណោមនោះបានធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស ក្រោមការសន្យាថានឹងបានប្រាក់កម្រៃខ្ពស់។
គួរជម្រាបថា ប្រទេសឥណ្ឌូណេស៊ី និងកម្ពុជា ដែលជាប្រភពសំខាន់នៃការផ្តល់ពលករមកម៉ាឡេស៊ីនោះ កន្លងមកធ្លាប់បានចេញបម្រាមជាបណ្តោះអាសន្ន មិនឲ្យប្រជាជនខ្លួនទៅរកការងារធ្វើនៅម៉ាឡេស៊ីជាអ្នកបម្រើតាមផ្ទះឡើយ ក្រោយពីមានករណីអំពើហិង្សាជាបន្តបន្ទាប់៕