(ប៉ាពួញូហ្គីណេ)៖ ទីបំផុតអាជ្ញាធរប៉ាពួញូហ្គីណេ (Papua New Guinea) បានរកឃើញរថយន្ដផលិតដោយក្រុមហ៊ុន Maserati ចំនួន ៤០គ្រឿង ដែលបានបាត់យ៉ាងអាថ៌កំបាំង បន្ទាប់ពីបានទិញសម្រាប់ដឹកមេដឹកនាំអន្តរជាតិ នាឱកាសរៀបចំកិច្ចប្រជុំ APEC កាលពីពេលថ្មីនេះនោះហើយ។ នេះបើតាមរបាយការណ៍មួយរបស់រដ្ឋាភិបាល ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់រដ្ឋាភិបាលប៉ាពួញូហ្គីណេ រថយន្ដម៉ាក ក្វាតត្រូផតតេ (Quattroporte) ដែលទិញពីក្រុមហ៊ុន ម៉ាស៊ែរ៉ាទី (Maserati) មានតម្លៃក្នុង មួយគ្រឿង ១៣៥,០០០ដុល្លារ ត្រូវបានគេរកឃើញនៅឯកំពង់ផែមួយនៃរដ្ឋធានី ផតម៉ូរែសបាយ (Port Moresby) ប៉ុន្តែរថយន្ដមួយចំនួនទៀតនៅតែ មិនទាន់រកឃើញនៅឡើយទេ។
លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានឱ្យដឹងដែរថា ប៉ូលិសបានទទួលព័ត៌មានជនណាមិក ម្នាក់ដែលបានប្រាប់ថា មានរថយន្ដជាង ១,៥០០គ្រឿង ត្រូវបានទិញ ឬផ្ដល់ជាអំណោយសម្រាប់ដឹកមេដឹកនាំអន្តរជាតិនាឱកាសនៃកិច្ចប្រជុំ APEC កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះទៀតផង។
គួរជម្រាបថា មូលហេតុបាត់រថយន្ដខាងលើ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ណាមួយនៅឡើយទេ ខណៈក្រុមអ្នករិះគន់បានជម្រុញឱ្យមានការប្រើប្រាស់ កញ្ចប់ថវិកាជាតិឱ្យមានតម្លាភាពនៅលើប្រទេសដីកោះ ស្ថិតនៅភាគនិរតីមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ៕