(ណៃរ៉ូប៊ី)៖ ពាក្យចចាមអារ៉ាមពីការប្រទះឃើញសត្វខ្លារខិនពណ៌ខ្មៅ បានលេចឡើងតាំងយូរមកហើយ នៅតំបន់ភាគកណ្តាលប្រទេសកេនយ៉ា ប៉ុន្តែពេលនេះក្រុមអ្នកវិទ្យាសាស្រ្តបានទទួលស្គាល់ វត្តមានរបស់ពួកវានៅទីនោះ ជាមួយរូបភាពកម្រជាច្រើនសន្លឹក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបភាពទាំងអស់នេះ ត្រូវបានផ្តិតយកបានដោយក្រុមអ្នកស្រាវជ្រាវ ដែលបានសិក្សាលើសត្វខ្លារខិន នៅតំបន់អភិរក្សសត្វព្រៃ ឡូអ៊ីសាបា (Loisaba) ព្រមទាំងអ្នកជំនាញថតរូបឯករាជ្យម្នាក់ទៀត ដែលធ្វើការងារនៅក្នុងតំបន់នេះ ស្របពេលជាមួយគ្នា។ សត្វខ្លារខិនសម្បុរខ្មៅបែបនេះ ត្រូវអ្នកវិទ្យាសាស្រ្តហៅថា មេឡានីស្ទីច លីអូផាដ (Melanistic Leopard) និងត្រូវគេស្គាល់ជាទូទៅថា ខ្លារខិនខ្មៅ (Black Panther)។ ពួកសត្វខ្លារខិនទាំងនេះមានហ្សែនខុសប្រក្រតីហៅថា Melanism ដែលធ្វើឲ្យរោម ឬក៏ស្បែករបស់ពួកវាទៅជាពណ៌ខ្មៅ ដែលនេះគឺផ្ទុយពីជំងឺស្បែកភឿក ឬឃ្លៀច (Albinism)។
ម៉្យាងវិញទៀត នេះក៏ជាការទទួលស្គាល់តាមបែបវិទ្យាសាស្រ្ត ចំពោះវត្តមានរបស់សត្វខ្លា Black Panther នៅតំបន់អាហ្វ្រិកជាលើកដំបូងផងដែរ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ខណៈការទទួលស្គាល់លើកចុងក្រោយ គឺជារូបភាពមួយសន្លឹកថតកាលពីឆ្នាំ១៩០៩ នៅទីក្រុង អេដឌីស អាបាបា (Addis Ababa) នៃប្រទេសអេត្យូពី និងកំពុងត្រូវរក្សាទុកក្នុងសារមន្ទីរប្រវត្តិសាស្រ្តជាតិ នៅសហរដ្ឋអាមេរិក។
គួរជម្រាបថា សត្វខ្លានានាដែលមាន Melanism សុទ្ធតែត្រូវគេហៅថា Black Planther រួមមានដូចជា Black Leopard នៅអាស៊ី និងអាហ្វ្រិក និងសត្វប្រភេទ Black Jaguars នៅតំបន់អាមេរិក។ ពពួកខ្លារខិនពណ៌ខ្មៅ ត្រូវគេប្រទះឃើញច្រើននៅឯតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែចំណេះដឹងទាក់ទិននឹងវត្តមានរបស់ពួកវានៅតំបន់អាហ្រ្វិក នៅមានកម្រិតទាបខ្លាំង។ អ្នកវិទ្យាសាស្រ្តបានអះអាងថា ត្រឹមតែ ១១ភាគរយនៃសត្វខ្លារខិនប៉ុណ្ណោះនៅជុំវិញពិភពលោក ដែលមានសម្បុរខ្មៅប្លែកបែបនេះ៕