(វ៉ាស៊ីនតោន)៖ ខណៈស្ថានការណ៍នយោបាយ និងមនុស្សជាតិនៅវេណេស៊ុយអេឡា កាន់តែធ្លាក់ចុះដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) បានជួលក្រុមហ៊ុនមេធាវីអាមេរិក ដើម្បីជួយខ្លួនឲ្យទទួលបានការគាំទ្រកាន់តែខ្លាំងថែមទៀតពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Juan Guaido បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីពីនៃប្រទេសវេណេស៊ុយអេឡាកាលពីថ្ងៃទី២៣ ខែមករា និងចាត់ទុកប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ជាមេដឹកនាំមិនស្របច្បាប់។ លោក Guaido ត្រូវបានទទួលស្គាល់ជាមេដឹកនាំរបស់វេណេស៊ុយអេឡាបណ្តោះអាសន្ន ដោយសហរដ្ឋអាមេរិក កាណាដា ប្រទេសភាគច្រើននៅភាគខាងត្បូង និងកណ្តាលទ្វីបអាមេរិក ព្រមទាំងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប។ ប៉ុន្តែលោក ម៉ាឌូរ៉ូ មិនព្រមចុះចេញពីតំណែងដោយងាយៗឡើយ ខណៈដែលលោកនៅបន្តទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តធំៗរបស់ខ្លួនដូចជា រុស្ស៊ី និងចិន ក៏ដូចជាកម្លាំងយោធាវេណេស៊ុយអេឡាផ្ទាល់។
ខណៈបច្ចុប្បន្នកំពុងប្រឈមមុខគ្នាជាមួយលោក ម៉ាឌូរ៉ូ ជុំវិញបញ្ហាជំនួយមនុស្សធម៌ ដែលត្រូវនាំចូលទៅកាន់វេណេស៊ុយអេឡា លោក Guaido បានព្យាយាមរិះរកគ្រប់វិធីដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងនោះមានទាំងការជួលបុគ្គល ០២រូប ដែលមានម្នាក់ជាអតីតមន្រ្តីជាន់ខ្ពស់ធនាគារពិភពលោក និងម្នាក់ពីក្រុមហ៊ុនមេធាវីអន្តរជាតិ អាណុលដ៍ និង ផតធើ (Arnold & Porter) ដើម្បីជួយលោកក្នុងការបញ្ចុះបញ្ចូលរដ្ឋាភិបាលអាមេរិក។ នេះបើតាមឯកសារទាក់ទងនឹងច្បាប់ស្តីពីការចុះឈ្មោះនៃភ្នាក់ងារតំណាងឲ្យផលប្រយោជន៍បរទេសក្នុងផ្នែកនយោបាយ។
គួរជម្រាបថា កន្លងមកនេះក្រុមហ៊ុនមេធាវី Arnold & Porter បានតំណាងឲ្យរដ្ឋាភិបាលរបស់ លោក ម៉ាឌូរ៉ូ ពាក់ព័ន្ធបញ្ហាបំណុលរដ្ឋាភិបាល ហើយមុនពេលលោក ម៉ាឌូរ៉ូ ឡើងកាន់អំណាចនៅឆ្នាំ២០១៣ ក្រុមហ៊ុននេះក៏បានតំណាងឲ្យរដ្ឋាភិបាលរបស់អតីតមេដឹកនាំលោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) ផងដែរ៕