សប្តាហ៍ក្រោយនេះលោក ត្រាំ នឹងថ្លែងពីវិបត្តិវេណេស៊ុយអេឡា ព្រមទាំងការបង្ខំលោក ម៉ាឌូរ៉ូ ឲ្យផ្ទេរអំណាចដល់បក្សប្រឆាំងផងដែរ... (Video Inside)
14-02-2019 10:15
(វ៉ាស៊ីនតោន)៖ សារព័ត៌មាន ម៉ៃអាមី ហឺរ៉ាល់ដ៍ (Miami Herald) បានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងធ្វើសេចក្ដីថ្លែងការណ៍មួយស្ដីពីវិបត្តិក្នុងប្រទេសវេណេស៊ុយអេឡា នៅឯសាកលវិទ្យាល័យអន្តរជាតិផ្លូរីដា នៃទីក្រុង Miami នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
សេចក្ដីរាយការណ៍របស់សារព័ត៌មានអាមេរិក Miami Herald ធ្វើឡើងដោយផ្អែកលើប្រភពពីមន្ត្រីសេតវិមានម្នាក់ ក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះ។ បន្ថែមពីលើនេះមន្ត្រីដដែលបានបញ្ជាក់ទៀតថា លោក ដូណាល់ ត្រាំ ក៏នឹងបង្កើនការដាក់សម្ពាធផងដែរ លើប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ឱ្យចាកចេញពីប្រទេស ដើម្បីផ្ទេរអំណាចឱ្យមេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaido) ដោយសន្តិវិធី។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារលោក ដូណាល់ ត្រាំ បានជួបពិភាក្សាការងារនឹងប្រធានាធិបតីកូឡុំប៊ី លោក អ៊ីវ៉ាន ឌូកេ ម៉ាគែស (Ivan Duque Marquez) នៅឯសេតវិមានជាមួយការសន្យាថាប្រឹងប្រែងធ្វើយ៉ាងណាផ្ដល់ជំនួយមនុស្សធម៌ ដល់ប្រជាជនវេណេស៊ុយអេឡា បើទោះជាមានការរារាំងពីរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ យ៉ាងណាក៏ដោយ៕