(វ៉ាស៊ីនតោន)៖ សភាអាមេរិកបានអនុម័តហើយលើដំណោះស្រាយមួយ ដែលអំពាវនាវឱ្យដកកងទ័ពអាមេរិកចេញពីប្រទេសយ៉េមែន ក៏ដូចជាបញ្ឈប់រាល់ការគំាទ្រទាំងឡាយដល់ ប្រតិបត្តិការយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត ក្នុងប្រទេសស្ថិតនៅតំបន់មជ្ឈិមបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
សភាអាមេរិកក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាធិបតេយ្យ បានបោះឆ្នោតអនុម័តនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លើដំណោះស្រាយខាងលើជាមួយសំឡេងគាំទ្រ ២៤៨ ទល់នឹង ១៧៧សំឡេង។ ប៉ុន្តែដំណោះស្រាយនេះ គឺត្រូវការការអនុម័តពីព្រឹទ្ធសភាអាមេរិកជាមុនសិន ខណៈគណបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ គឺជាអ្នកកាន់កាប់សំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភា។
គួរបញ្ជាក់ថា បើសិនជាដំណោះស្រាយនេះត្រូវបានអនុម័តមែន នោះវានឹងតម្រូវឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកកងទ័ពអាមេរិកទាំងអស់ចេញពីយ៉េមែន ក្នុងរយៈពេល៣០ថ្ងៃ។ មិនតែប៉ុណ្ណោះ វាក៏នឹងបិទបញ្ចប់ផងដែរការផ្ដល់ជំនួយ ឬ ការគាំទ្រផ្នែកយោធារបស់អាមេរិកដល់ក្រុមចំរុះអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងធ្វើប្រតិបត្តិការយោធានៅយ៉េមែន ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា លោកមិនគាំទ្រនោះឡើយចំពោះការដកខ្លួនរបស់អាមេរិក ចេញពីសង្គ្រាមនៅប្រទេសយ៉េមែន ព្រោះសហរដ្ឋអាមេរិកគ្រាន់តែផ្តល់សេវាចាក់សាំងយន្តហោះចម្បាំង ឲ្យអារ៉ាប៊ីសាអូឌីត និងជំនួយផ្នែកព័ត៌មានសម្ងាត់មួយចំនួនទៀតប៉ុណ្ណោះ មិនមែនចូលរួមប្រយុទ្ធជាមួយអារ៉ាប៊ីសាអូឌីតនោះឡើយ៕