(សាន់ទីអាហ្គោ)៖ ប្រធានាធិបតីឈីលី លោក Sebastian Pinera បានលើកឡើងថា ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីឡូកាស់ ម៉ាឌូរ៉ូ នឹងត្រូវខ្ទាតចេញពីតំណែងក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Pinera បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ របបដឹកនាំផ្តាច់ការរបស់ លោក ម៉ាឌូរ៉ូ នឹងត្រូវរលាយសាបសូន្យ។ ប្រជាជនវេណេស៊ុយអេឡា បានបើកទ្វារទទួលសេរីភាពនិងប្រជាធិបតេយ្យ ជាមួយភាពអង់អាច និងក្តីសប្បាយរីករាយ។ ឥឡូវនេះពួកគេគួរតែបន្តឆ្ពោះទៅរកប្រទេសមួយ ដែលមានសេរីភាព វិបុលភាព និងមានការរស់នៅដោយសន្តិភាព។ អ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ នៅជុំវិញពិភពលោក ចូលរួមចែករំលែកនូវភាពក្សេមក្សាន្តនេះ»។
គួរបញ្ជាក់ថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡា បានវិវឌ្ឍន៍កាន់តែអាក្រក់ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជាពេលមេបក្សប្រឆាំងធំបំផុត គឺលោក ជូអាន ហ្គៃដូ ដែលគ្រប់គ្រងរដ្ឋសភា បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី ដោយមានការគាំទ្រពេញទំហឹងពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀតរបស់ខ្លួនបានអំពាវនាវឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង ឬរៀបចំការបោះឆ្នោតឡើងវិញនៅវេណេស៊ុយអេឡា ដើម្បីឲ្យគ្រប់គ្នាអាចទទួលយកបាន ប៉ុន្តែរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ មិនព្រមជាដាច់ខាត តែបានបង្ហាញឆន្ទៈស្វាគមន៍កិច្ចចរចាជាមួយក្រុមប្រឆាំងដោយគ្មានលក្ខខណ្ឌ៕