(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បានឆ្លើយសារភាពថា យោធាអ៊ីស្រាអែលពិតជាបានបាញ់គ្រាប់ផ្លោងទៅលើប្រទេសស៊ីរីកាលពីប៉ុន្មានថ្ងៃមុន ហើយលោកបានប្តេជ្ញាថានឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលចាំបាច់ដើម្បីប្រឆាំងទប់ទល់នឹងអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
នាដើមសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍ថា គ្រាប់ផ្លោងរបស់រថក្រោះអ៊ីស្រាអែលបានធ្លាក់ចំលើមន្ទីរពេទ្យដែលត្រួវកម្ទេចចោល ព្រមទាំងប៉ុស្តិ៍អង្កេតការណ៍មួយកន្លែង ស្ថិតក្នុងខេត្ត Quneitra ភាគខាងត្បូងស៊ីរីក្បែរព្រំដែនជាមួយប្រទេសអ៊ីស្រាអែល ប៉ុន្តែពុំមានមនុស្សរងគ្រោះដោយសារការវាយប្រហារនេះឡើយ។
នាថ្ងៃអង្គារសប្តាហ៍នេះ លោក Netanyahu បានទទួលស្គាល់ថា កងកម្លាំងយោធាអ៊ីស្រាអែល (IDF) ពិតជាបានផ្លោងគ្រាប់លើទឹកដីស៊ីរី។ លោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បាននិយាយដូច្នេះថា «កងទ័ពអ៊ីស្រាអែល ធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃរួមទាំងម្សិលមិញដើម្បីប្រឆាំងនឹងអ៊ីរ៉ង់ផ្ទាល់ ព្រមទាំងការព្យាយាមរបស់ទីក្រុងតេហេរ៉ង់ សំដៅពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។
លោក Netanyahu បានបន្តថា «អ៊ីរ៉ង់កំពុងតែគំរាមកំហែងដាក់យើង ដោយអំឡុងខួប៤០ឆ្នាំនៃបដិវត្តន៍របស់ពួកគេ ពួកគេបានព្រមានកម្ទេចទីក្រុង Tel Aviv និង Haifa។ ខ្ញុំនិយាយថាពួកគេនឹងមិនទទួលជោគជ័យឡើយ ហើយបើពួកគេហ៊ានវិញ វានឹងជាខួបអនុស្សាវរីយ៍លើកចុងក្រោយដែលពួកគេបានប្រារព្ធឡើង»។
បើតាមការសង្កត់ធ្ងន់របស់លោក Benjamin Netanyahu កម្លាំងយោធាអ៊ីស្រាអែល ប្តេជ្ញាធ្វើអ្វីដែលចាំបាច់ ខណៈដែលពួកគេកំពុងធ្វើប្រតិបត្តិការជាប់ជាប្រចាំ ដោយយោងទៅតាមការវាយតម្លៃនិងភាពចាំបាច់របស់អ៊ីស្រាអែល ក្នុងការទប់ស្កាត់អ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់តេហេរ៉ង់ ពីការបង្កើតមូលដ្ឋាននៅក្បែរព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែល។
គួរជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ អ៊ីស្រាអែលបានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសជាច្រើនលើកច្រើនសា ទៅលើទឹកដីស៊ីរី ក្រោមហេតុផលថា ពួកគេមានគោលដៅចំពោះកងកម្លាំងក៏ដូចជាមូលដ្ឋានរបស់អ៊ីរ៉ង់និងពួក Hezbollah ដែលត្រូវអ៊ីស្រាអែលចាត់ទុកថា ជាការបង្កើនឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់ ខណៈទីក្រុងតេហេរ៉ង់បានទទូចថា ខ្លួនបានបញ្ជូនត្រឹមតែមន្រ្តីប្រឹក្សាយោធាប៉ុណ្ណោះទៅកាន់ស៊ីរី តបតាមសំណើរបស់រដ្ឋាភិបាលស៊ីរី៕