(ញូដេលី)៖ អ្នកអភិរក្សបរិស្ថាននៅជុំវិញពិភពលោក មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីរូបភាពមួយសន្លឹករបស់អង្គការ NASA ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញអំពីទិដ្ឋភាពប្រទេសចិន និងឥណ្ឌា ដែលមានសភាពពណ៌បៃតងខុសឆ្ងាយពីរាប់ទសវត្សរ៍មុន បើទោះបីជាពេលកន្លងនេះមានការរិះគន់ប្រទេសទាំងពីរថា បានបំពុលបរិយាកាសផែនដីធ្ងន់ធ្ងរក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន India Times នាល្ងាចថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
រូបភាពរបស់អង្គការ NASA ដែលអ្នកអភិរក្សមួយចំនួនអាចនិយាយពាក្យថា «អរគុណចំពោះចិន និងឥណ្ឌា» នោះគឺបង្ហាញអំពីសភាពពណ៌បៃតងនៃដែនអធិបតេយ្យរបស់ប្រទេសទាំងពីរ ដែលខុសប្លែកពីរូបភាពកាលពីរាប់ទសវត្សរ៍មុន ខណៈដែលយុទ្ធនាការធ្វើឲ្យផែនដីមានពណ៌បៃតងឡើងវិញនោះ ហាក់ទទួលបានភាពវិជ្ជមាននៅចំណុចខ្លះ។ អង្គការ NASA បានអះអាងថា យើងពិតជាបានជួយឲ្យផែនដីនេះ មើលទៅមានពណ៌បៃតងជាងកាលពី ២០ឆ្នាំមុនប្រាកដមែន។
បើតាមសម្តីរបស់អ្នកស្រាវជ្រាវមួយរូប នៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកបានឲ្យដឹងថា «ប្រទេសចិន និងឥណ្ឌារួមគ្នាគឺស្មើនឹង ១ភាគ៣ នៃភាពបៃតងរបស់សកលលោក...។ វាជាការរកឃើញដ៏ភ្ញាក់ផ្អើលបំផុតមួយ ចំពោះប្រទេសទាំងពីរដែលប្រជាជនច្រើនលើសគេ ប៉ុន្តែកន្លងមកមានការអះអាងថា ជាប្រទេសដែលបានបំពុលខ្យល់ខ្លាំងជាងគេនោះ...»។
គួរបញ្ជាក់ថា គម្របបៃតងថ្មីរបស់ប្រទេសចិនតែឯងនោះ គឺមានការកើនឡើងស្មើនឹង ១ភាគ៣ទៅហើយនៃពិភពលោក ដោយសារតែប្រទេសនេះមានរុក្ខជាតិគ្របដណ្តប់ច្រើនជាងមុន ដែលបានមកពីដីព្រៃឈើ ៤២ភាគរយ និងដីដំណាំ ៣២ភាគរយ។ ដោយឡែកប្រទេសឥណ្ឌាវិញ គំរបបៃតង ៨២រយបានមកពីផ្ទៃដីដំណាំ និង ៤.៤ភាគរយប៉ុណ្ណោះ គឺជាគំរបព្រៃឈើ៕