(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA នឹងធ្វើការជជែកអំពីស្ថានភាពនៃយានរុករករបស់ខ្លួន Opportunity Rover នារសៀលថ្ងៃពុធសប្តាហ៍ (ពេលវេលានៅភាគខាងកើតសហរដ្ឋអាមេរិក) បន្ទាប់ពីការព្យាយាមទាក់ទងលើកចុងក្រោយទៅកាន់យាននេះ ដែលកំពុងស្ថិតនៅលើផ្ទៃភពអង្គារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ Space នៅល្ងាចថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
សន្និសីទសារព័ត៌មានខាងលើរបស់ NASA នឹងប្រព្រឹត្តទៅ បន្ទាប់ពីការប៉ុនប៉ងជាលើកចុងក្រោយរបស់ NASA ក្នុងការទាក់ទងនាយប់ថ្ងៃអង្គារសប្តាហ៍នេះ ជាមួយយាន Opportunity ដែលបានបាត់សំឡេងស្ងាត់ឈឹង ចាប់តាំងពីខែមិថុនាឆ្នាំមុន នៅពេលព្យុះខ្សាច់ដ៏ធំសំម្បើមមួយបានគ្របដណ្តប់លើភពអង្គារ (Mars)។
យាន Rover ដែលទំហំប៉ុនកូនរថយន្តសម្រាប់ជិះនៅលើទីលានវាយកូនហ្គោលនេះ បានចុះទៅដល់លើភពអង្គារ នៅខែមករា ឆ្នាំ២០០៤ ប៉ុន្មានសប្តាហ៍ក្រោយពីយានភ្លោះរបស់វា Spirit បានទៅដល់ទីតាំងខុសគ្នានៃភពក្រហមនេះ។ យាន Rover ទាំងពីរដែលដើរដោយថាមពលព្រះអាទិត្យបានចាប់ផ្តើមបេសកកម្មរយៈពេល ៩០ថ្ងៃរបស់ពួកវានៅលើផ្ទៃរបស់ Mars ដើម្បីស្វែងរកដាននៃសកម្មភាពទឹកកាលពីអតីតកាល ហើយយានទាំងពីរត្រូវ NASA អះអាងថា ពិតជាទទួលបានជោគជ័យខ្លាំង។
យាន Spirit និង Opportunity បានរកឃើញភស្តុតាងជាច្រើនបង្ហាញថា ភពអង្គារធ្លាប់មានកម្តៅគួរសម និងជាភពមានទឹកកាលពីរាប់ពាន់លានឆ្នាំមុន ដែលរំបកគំហើញទាំងនេះ បានជួយបង្កើនការយល់ដឹងរបស់អ្នកវិទ្យាសាស្រ្ត អំពីដំណើរវិវត្តន៍ និងសក្តានុពលនៃការទ្រទ្រង់ជីវិតរបស់ភពអង្គារ ខណៈដែលយានមួយគូនេះ បានបន្តការសិក្សាស្រាវជ្រាវទៅមុខទៀត។
នៅឆ្នាំ២០១១ យាន Opportunity ក៏បានបាត់បង់បងភ្លោះរបស់វា នៅពេលអង្គការ NASA បានប្រកាសជាផ្លូវការថា Spirit បានឈប់ដំណើរ។ ទោះជាបែបនេះក្តី Opportunity នៅតែរឹងមាំដដែល រហូតទាល់តែព្យុះខ្សាច់កំណាចមួយ បានលេចរូបរាងឡើងនៅលើភពអង្គារកាលពីខែឧសភា ឆ្នាំ២០១៨។ ព្យុះយក្សមហិមានេះ បានរាំងខ្ទប់ពន្លឺព្រះអាទិត្យមិនឲ្យជ្រៀតចូលទៅដល់យាន Opportunity ជាហេតុធ្វើឲ្យវាបាត់សំឡេងឈឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំដដែល ។
ចាប់តាំងពីពេលនោះរហូតមក ក្រុមការងារបេសកកម្មនៃទីភ្នាក់ងារអវកាស NASA បានបន្តព្យាយាមជាច្រើនខែ ដើម្បីដាស់ឲ្យ Opportunity ភ្ញាក់ឡើងវិញ ហើយពួកគេក៏បានផ្ទៀងចាំស្តាប់នូវសញ្ញានានា ដែលអាចបាញ់បញ្ជូនមកពីវាផងដែរ។ យ៉ាងណាមិញ សន្និសីទសារព័ត៌មាននាថ្ងៃពុធរបស់ NASA ទំនងនឹងជាពិធីប្រកាសបុណ្យសពរបស់ Opportunity ព្រោះវាដូចជាមិនមានសង្ឃឹមអ្វីបន្តិចសោះឡើយថា យាននេះនៅអាចដំណើរការបាន៕