(អ៊ីស្លាម៉ាបាដ)៖ អ្នកប្រមាញ់ជនជាតិអាមេរិកម្នាក់បានចំណាយលុយ ១១០,០០០ដុល្លារ ដើម្បីបាញ់សម្លាប់សត្វពពែភ្នំ Astore Markhor ដែលជាពូជដ៏កម្រមួយ នៅក្នុងប្រទេសប៉ាគីស្ថាន ខណៈការរិះគន់កំពុងផ្ទុះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ការបាញ់សម្លាប់សត្វពពែខាងលើបានកើតឡើងនៅតំបន់ ហ្គីលជីតបាលទីស្ថាន (Gilgit-Baltistan) នៃភាគខាងជើងជួរភ្នំហិម៉ាល័យ ក្នុងអំឡុងដំណើរទេសចរណ៍របស់ជនបរទេសម្នាក់ដែលត្រូវគេអះអាងថា មកពីរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិក និងមានឈ្មោះថា ប្រ៊ីយ៉ាន ហាឡាន (Bryan Kinsel Harlan) បន្ទាប់ពីបុរសម្នាក់នោះបានចំណាយលុយ ១១០,០០០ដុល្លារ។
ជាការពិតណាស់ ទង្វើនេះបានបង្កឲ្យអ្នកប្រើបណ្តាញសង្គមនៅប៉ាគីស្ថាន សម្តែងការសោកស្តាយ និងខឹងសម្បារជាខ្លាំង។ អ្នកខ្លះបានលើកជាសំណួរថា ហេតុអ្វីបានជាពុំមានច្បាប់ហាមឃាត់ ការប្រមាញ់សត្វពពែខាងលើ ដែលជាសត្វមួយតំណាងឲ្យអត្តសញ្ញាណជាតិ និងអ្នកខ្លះទៀតបាននិយាយថា ទេសចរបរទេសគួរត្រឹមអនុញ្ញាតឲ្យថតរូបជាមួយសត្វកម្រៗបែបនេះប៉ុណ្ណោះ គឺមិនគួរឲ្យបាញ់សម្លាប់ពួកវាបែបនេះឡើយ។
ទោះជាបែបនេះក្តី បើតាមអាជ្ញាធរ និងក្រុមអភិរក្សសត្វព្រៃប៉ាគីស្ថាន ការអនុញ្ញាតឲ្យលោក Harlan ក៏ដូចជាជនជាតិអាមេរិក ០២នាក់ផ្សេងទៀត ចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីបាញ់សម្លាប់សត្វពពែស្នែងវែង Markhor ចំនួន ០៣ក្បាល ក្នុងអំឡុងពេលមួយខែចុងក្រោយនេះ នៅភាគខាងជើងប្រទេសប៉ាគីស្ថាន គឺមានហេតុផលត្រឹមត្រូវដែលអាចយោគយល់បាន។
ពោលការធ្វើបែបនេះ តាមពិតបានជួយសង្រ្គោះអម្បូរសត្វដែលកម្រ និងងាយរងគ្រោះ ពីការផុតពូជទៅវិញទេព្រោះថា ជាច្រើនទសវត្សរ៍មកហើយចំនួនសត្វពពែ Markhor ដែលរស់នៅតំបន់ជួរភ្នំហិម៉ាល័យនៃប្រទេសប៉ាគីស្ថាន ឥណ្ឌា និងអាហ្វហ្គានីស្ថាន បានបន្តថយចុះជាខ្លាំង ដោយសារការប្រមាញ់យកសាច់ និងក្នុងលក្ខណៈកម្សាន្ត ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវនៅក្នុងតំបន់ ការបាត់បង់ព្រៃឈើ និងសកម្មភាពផ្សេងៗរបស់យោធា។ នៅត្រឹមឆ្នាំ២០១១ សត្វពពែនេះត្រូវគេប៉ាន់ស្មានថា នៅសល់ចំនួន ២,៥០០ក្បាល។
មកដល់ប៉ុន្មានឆ្នាំមុន អាជ្ញាធរនិងក្រុមអ្នកអភិរក្សតាមប្រទេសដែលមានវត្តមានពូជសត្វពពែនេះ ក៏បានចាប់ផ្តើមចាត់វិធានាការជួយសង្រ្គោះពួកវា ដោយក្នុងនោះប៉ាគីស្ថានបានហាមមិនឲ្យមានសកម្មភាពប្រមាញ់ក្នុងស្រុកឡើយ តែបានចាប់ផ្តើមអនុញ្ញាតឲ្យអ្នកប្រមាញ់បរទេសចំនួនតូច បាញ់សត្វពពែឈ្មោលចំនួន ១២ក្បាលក្នុងមួយរដូវកាល នៅតំបន់សហគមន៍អភិរក្សដូចនៅ Gilgit-Baltistan ជាដើម។
សម្រាប់ចំណូលដែលមកពីសេវាខាងលើ ត្រូវទីភ្នាក់ងារអភិរក្សសត្វព្រៃប៉ាគីស្ថាន ប្រើប្រាស់ក្នុងកិច្ចការងារអភិរក្ស ហើយថវិកាខ្លះក៏ត្រូវបានផ្តល់ឲ្យប្រជាជនដែលរស់នៅ ក្នុងតំបន់ជ្រកកោននៃសត្វពពែ Markhor ដើម្បីលើកទឹកចិត្តពួកគេកុំឲ្យប្រមាញ់ពួកវាផងដែរ។ ទន្ទឹមនឹងនេះ អាជ្ញាធរផ្នែកអភិរក្សសត្វព្រៃអាមេរិក ក៏បានជំរុញការប្រមាញ់សត្វពពែស្នែងវែងនេះ ក្នុងន័យជាមធ្យោបាយអភិរក្សថែមទៀតផង។
គួរជម្រាបថា ជាលទ្ធផលចំនួនសត្វពពែ Markhor បានកើនឡើងវិញគ្រប់គ្រាន់ នៅឆ្នាំ២០១៥ ដែលអាចឲ្យសហភាពអភិរក្សធម្មជាតិអន្តរជាតិ ដំឡើងស្ថានភាពរបស់ពួកវាពីងាយរងគ្រោះ ឬជិតផុតពូជ ឲ្យទៅជាជិតនឹងរងការគំរាមកំហែងវិញ៕