(បាងកក)៖ ការមិនទទួលស្គាល់ព្រះនាងម្ចាស់ អ៊ុបុលរតនា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សថៃរក្សាជាតិនោះ គឺត្រូវបានសម្រេចរួចទៅហើយ ប៉ុន្តែពេលនេះអ្វីដែលគណៈកម្មការជាតិថៃកំពុងតែរៀបចំចំណាត់ការមួយទៀតនោះ គឺការដាក់ញត្តិស្នើសុំរំលាយបក្សនយោបាយមួយនេះចោលតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
គណៈកម្មការបោះឆ្នោតជាតិថៃ (EC) បានប្រកាសពីការរៀបចំញត្តិទៅកាន់តុលាការធម្មនុញ្ញ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីឲ្យមានការពិចារណាចំពោះវិធានការរំលាយ «គណបក្សថៃរក្សាជាតិ» ដែលបានធ្វើខុសនឹងក្រមសីលធម៌ និងវប្បធម៌ជាតិ តាមរយៈការតែងតាំងព្រះរាមស្តេចថៃ គឺព្រះនាងម្ចាស់ អ៊ុលបុលរតនា (Ubolratana) ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីតំណាងឲ្យបក្សនេះ ដើម្បីចូលប្រកួតប្រជែងក្នុងការបោះឆ្នោតសកល ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា នៅក្នុងញត្តិទៅកាន់តុលាការធម្មនុញ្ញនោះ មន្ត្រីនៃគណៈកម្មការបោះឆ្នោតបានចោទប្រកាន់គណបក្សថៃរក្សាជាតិពីបទ «រំលោភលើមាត្រា ៩២ នៃច្បាប់រដ្ឋធម្មនុញ្ញ ចែងអំពីបក្សនយោបាយ»។ EC ក៏បានបញ្ជូនតំណាងរបស់ខ្លួនទៅកាន់តុលាការធម្មនុញ្ញរួចហើយ ដើម្បីដាក់ញត្តិជាផ្លូវការនៅថ្ងៃពុធនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា ការកាត់សេចក្តីនឹងត្រូវធ្វើឡើងនៅពេលណានោះឡើយ៕