(ប៉េកាំង)៖ ក្រុមហ៊ុនយក្សចិន Huawei បានក្លាយជាអ្នកទិញបន្ទះឈីប (Chip) ធំបំផុតលំដាប់លេខបីនៅលើពិភពលោក បន្ទាប់ពីក្រុមហ៊ុន Samsung ដែលឈរលេខ ១ និង Apple ឈរនៅលេខ ២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមតួលេខដែលទើបត្រូវបានបញ្ចេញ ក្រុមហ៊ុន Huawei បានចំណាយរហូតដល់ ២១ពាន់លានដុល្លារ ដើម្បីទិញបន្ទះឈីបកាលពីឆ្នាំ២០១៨ ដែលវាឈរនៅលេខរៀងទី ៣ ស្មើនឹង ៤.៤ភាគរយនៃទីផ្សារបន្ទះឈីបសកល។ ដោយសារតែឆ្នាំមុននេះ Huawei បានបង្កើនការទិញឈីបរហូតដល់ ៤៥.២ភាគរយលើសឆ្នាំ២០១៧ នោះទើបក្រុមហ៊ុនចិននេះ អាចលោតរំលង Dell និង Lenovo ឡើងមកឈរលេខ ៣ តែម្តង។
ក្រៅពី Huawei ក្រុមហ៊ុនចិនមួយចំនួនទៀតដូចជា Xiaomi, BBK Electronic និង Lenovo គឺស្ថិតនៅក្នុងកំពូលលេខរៀងទាំង ១០ ដែលបានទិញបន្ទះឈីបច្រើនបំផុតនៅលើសកលលោកកាលពីឆ្នាំ២០១៨ ហើយចំណែកទីផ្សារបន្ទះឈីបនៃក្រុមហ៊ុនទាំងនេះបានលោតដល់ ៤០.២ភាគរយនៅឆ្នាំ២០១៨ ធៀបនឹង ៣៩.៤ភាគរយកាលពីឆ្នាំ២០១៧។
គួរបញ្ជាក់ថា ក្រៅពីការចំណាយលើការទិញបន្ទះឈីបយ៉ាងច្រើននោះ នៅក្នុងឆ្នាំ២០១៨ Huawei បានលក់កើបលុយមកវិញនូវស្មាតហ្វូនរហូតដល់ ៣០លានគ្រឿងនៅប្រទេសចិនតែមួយប៉ុណ្ណោះ (កើនលើសឆ្នាំ២០១៧ ២៣.៣ភាគរយ) ដោយឈរនៅលេខរៀងទី ១ ស្មើនឹងចំណែកទីផ្សារ ២៩ភាគរយ ខណៈក្រុមហ៊ុន Oppo ឈរនៅលេខ ២ លក់បាន ២០.៣លានគ្រឿងជាមួយចំណែកទីផ្សារ ១៩.៦ភាគរយ និង Vivo លេខរៀងទី ៣ មានចំណែកទីផ្សារ ១៨.៨ភាគរយ។ ដោយឡែក iPhone របស់ Apple បានធ្លាក់ចំណែកទីផ្សារមកនៅត្រឹម ១១.៥ប៉ុណ្ណោះនៅក្នុងប្រទេសចិន៕