(វ៉ាស៊ីនតោន)៖ ខណៈជំនួបកំពូលលើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងមកដល់នៅប៉ុន្មានសប្តាហ៍ខាងមុខ អគ្គមេបញ្ជាការយោធាអាមេរិកប្រចាំតំបន់អាស៊ី នាថ្ងៃអង្គារនេះបានលើកឡើងថា កូរ៉េខាងជើងទំនងជានឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងស្រុងឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
លោកនាយឧត្តមនាវី ហ្វីលីព ដាវីដសុន (Philip Davidson) (ផ្កាយ៤) ជាអគ្គមេបញ្ជាការទ័ពអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក បានបង្ហាញមន្ទិលសង្ស័យចំពោះចេតនារបស់កូរ៉េខាងជើង ទោះបីជាលោកបានសម្តែងទស្សនៈសុទិដ្ឋនិយមអំពីជំនួបកំពូលថ្ងៃទី២៧-២៨ ខែកុម្ភៈ នៅក្នុងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម រវាងមេដឹកនាំនៃប្រទេសទាំងពីរក៏ដោយ។
លោក Davidson បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការវាយតម្លៃរបស់ទីបញ្ជាការយោធាអាមេរិកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ជុំវិញការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺដូចគ្នាទៅនឹងគោលជំហររបស់សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ពោលគឺពួកយើងយល់ថា កូរ៉េខាងជើងទំនងជានឹងមិនបោះបង់ចោលអាវុធនុយក្លេអ៊ែរ ឬក៏សមត្ថភាពផលិតទាំងស្រុងរបស់ខ្លួនឡើយ ប៉ុន្តែអាចព្យាយាមចរចាលើការរំសាយអាវុធនុយក្លេអ៊ែរមួយចំណែក ជាថ្នូរនឹងការផ្តល់សម្បទានពីអាមេរិក និងអន្តរជាតិ»។
គួរជម្រាបថា លោក ត្រាំ ហាក់ដូចជាចង់ជួបមុខគ្នាជាលើកទីពីរខ្លាំងជាមួយ លោក គីម ទោះបីជាកិច្ចប្រជុំលើកទីមួយនៅសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០១៨ សម្រេចបាននូវការប្តេជ្ញាក្នុងលក្ខណៈស្រពិចស្រពិលពីលោក គីម និងពុំមានវឌ្ឍនភាពធំដុំក៏ដោយក្តី។
ខណៈលោក ត្រាំ បានអះអាងថា ការដែលកូរ៉េខាងជើងផ្អាកការធ្វើតេស្តអាវុធនុយក្លេអ៊ែរ និងការដែលគ្មានមីស៊ីលកូរ៉េខាងជើងថ្មីត្រូវបានបាញ់បង្ហោះ ក្នុងរយៈពេលប្រមាណ ១៥ខែចុងក្រោយនេះ គឺជាតឹកតាងនៃវឌ្ឍនភាពគួរឲ្យកត់សម្គាល់ របាយការណ៍មួយរបស់ក្រុមឃ្លាំមើលទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ក៏បានបង្ហាញមន្ទិលចំពោះគោលបំណងរបស់ទីក្រុងព្យុងយ៉ាងផងដែរ៕