(ញូយ៉ក)៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា (Jorge Arreaza) បានថ្លែងនៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលដែលកំពុងដឹកនាំដោយលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ គឺត្រៀមខ្លួនជានិច្ចក្នុងការអង្គុយចុះចរចាជាមួយបក្សប្រឆាំង ដោយគ្មានលក្ខខណ្ឌអ្វីនោះឡើយ ដើម្បីស្វែងរកច្រកចេញពីវិបត្តិទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
លោក Arreaza បានថ្លែងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំមួយ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ (UN) ក្នុងបុរីញូយ៉កយ៉ាងដូច្នេះថា «តើអាចមានលក្ខខណ្ឌអ្វីទៅ រវាងជនជាតិវេណេស៊ុយអេឡាដូចគ្នានោះ? យើងមានរដ្ឋធម្មនុញ្ញរបស់យើង ដូច្នេះមានតែការអង្គុយចុះ ដើម្បីពិភាក្សាគ្នាប៉ុណ្ណោះ...។ ចូរយើងព្យាយាមស្វែងរកដំណោះស្រាយដោយគ្មានការរារាំង ឬក៏លក្ខខណ្ឌជាមុនអ្វីនោះឡើយ...»។
គួរបញ្ជាក់ថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡា បានវិវឌ្ឍន៍កាន់តែអាក្រក់ចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ជាពេលមេបក្សប្រឆាំងធំបំផុត គឺលោក ជូអាន ហ្គៃដូ ដែលគ្រប់គ្រងរដ្ឋសភា បានប្រកាសលើកខ្លួនឯងជាប្រធានាធិបតីស្តីទី ដោយមានការគាំទ្រពេញទំហឹងពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនទៀតរបស់ខ្លួនបានអំពាវនាវឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង ឬរៀបចំការបោះឆ្នោតឡើងវិញនៅវេណេស៊ុយអេឡា ដើម្បីឲ្យគ្រប់គ្នាអាចទទួលយកបាន ប៉ុន្តែរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ មិនព្រមជាដាច់ខាត៕