(ម៉ូស្គូ)៖ មនុស្សយ៉ាងហោចណាស់ ១៤នាក់បានស្លាប់ នៅក្នុងហេតុការណ៍រត់ជាន់គ្នាមួយកំឡុងពេលដែលប្រធានាធិបតីកំពុងកាន់អំណាចលោក មូហាំម៉ាឌូ ប៊ូហារី (Muhammadu Buhari) រៀបចំពិធីជួបជុំជាមួយក្រុមអ្នកគាំទ្រនៅទីក្រុង រីវើស (Rivers) ស្ថិតក្នុងភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា ចំពោះមុខការបោះឆ្នោតសកល ដែលជិតនឹងមកដល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមអ្នកនាំពាក្យមន្ទីរពេទ្យ នៅកន្លែងកើតហេតុខាងលើនេះបានឲ្យដឹងថា «ខ្ញុំអាចបញ្ជាក់ពេលនេះបានថា មនុស្សសរុប ១៤នាក់បានហើយបាត់បង់ជីវិត ដែលពីដំបូងឡើយគឺមានតែ ០៦នាក់ប៉ុណ្ណោះ។ ចំនួនមានការកើនឡើងព្រោះជនរងគ្រោះជាបន្តបន្ទាប់ត្រូវបានរាប់បញ្ជូន...។ ដោយឡែកអ្នករងរបួសមួយចំនួនទៀត កំពុងស្ថិតនៅក្នុងការសង្គ្រោះនៅឡើយនៅឯមន្ទីរពេទ្យ ផតហាឃើត (Port Harcourt) ដែលមិនទាន់មានការបញ្ជាក់ចំនួនច្បាស់លាស់នោះឡើយ...»។
គួរបញ្ជាក់ថា ការជួបជុំរបស់ក្រុមអ្នកគាំទ្រប្រធានាធិបតីនីហ្សេរីយ៉ា ដែលកំពុងកាន់អំណាច ត្រូវបានធ្វើឡើងនៅឯពហុកីឡដ្ឋានមួយកន្លែងក្នុងទីក្រុង Rivers នៃរដ្ឋ Port Harcourt ភាគខាងត្បូងប្រទេស ហើយបន្ទាប់ពីលោកប្រធានាធិបតីបញ្ចប់កិច្ចអត្ថាធិប្បាយ បណ្តាអ្នកគាំទ្របាននាំគ្នាសម្រុកចេញពីពហុកីឡដ្ឋានតាមច្រកទ្វារមួយ ដែលជាប់សោរនៅឡើយ។ ដោយសារតែស្ថានការណ៍កកកុញពេក ទើបមនុស្សមួយចំនួនបានដួល ហើយអ្នកដែលមិនដឹងបានក៏ប្រឹងកញ្ជ្រោលជាន់លើគ្នា បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់បែបនេះ៕