(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើង​ថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ទំនងជានឹងមិនទទួលយក​សេចក្តីព្រាងដំណោះស្រាយ​របស់សហរដ្ឋអាមេរិកនោះឡើយ ព្រោះតែក្នុងនោះ​មានចេតនា​បើកផ្លូវក្នុងឲ្យមានអន្តរាគមន៍ ទៅក្នុងវិបត្តិវេណេស៊ុយអេឡា។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ឡាវរ៉ូវ បានលើកឡើង​នៅថ្ងៃអង្គារនេះថា «ក្រុមប្រឹក្សា​សន្តិសុខ UN គ្មានថ្ងៃ​នឹងទទួលយកសេចក្តី​សម្រេចរបៀបនេះ​ឡើយ ដូចដែលអ្នកផ្ទាល់យល់ហើយ...។ វាជា​ចេតនាក្នុង​ការទាញចំណាប់អារម្មណ៍ ពីអ្វីដែលជាពិត តាមរយៈសេចក្តីព្រាង​​ដំណោះ​ស្រាយ​ធ្វើឡើងដោយ​សហរដ្ឋអាមេរិកនោះ....។ ពិតណាស់ វាជាចេតនា​​ចង់បង្កហេតុ​ដោយប្រើប្រាស់​ក្បួនដឹកជំនួយមនុស្សធម៌ ជាមធ្យោយបាយ​​ដើម្បី​បង្កអស្ថិរភាព​​នៅក្នុង​ប្រទេសវេណេស៊ុយអេឡា ហើយក៏នឹងបានលេស​ក្នុងការធ្វើអន្តរាគមន៍​យោធាតែម្តង...»

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងចិនដែលគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ គឺជាប្រទេស​ស្ថិត​នៅក្នុង​ចំណោម​​ប្រទេស​មហាអំណាច​​ធំៗទាំង ៥ (P5) នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ UN ដែលមាន​សមាជិកសរុប ១៥ប្រទេស ហើយ​ដំណោះស្រាយ​​នានា​នឹងមិនអាច​​សម្រេចចេញ​បាន​ឡើយ ប្រសិនបើប្រទេស​ណាមួយ​ក្នុង​ចំណោម ៥ នេះ​ចេញ​មុខ Veto ឬជំទាស់ បើទោះបីជា​សមាជិក​មិនអចិន្ត្រៃយ៍​ចំនួន​ ១០ប្រទេសទៀតបានយល់ព្រមក៏ដោយ។

ចំពោះមុខវិបត្តិ​វេណេស៊ុយអេឡានេះ ប្រទេសរុស្ស៊ីបាន​បង្ហាញជំហររបស់ខ្លួន​ដោយគាំទ្រ​លោកប្រធានាធិបតី ម៉ាឌូរ៉ូ ដែលបានជាប់ឆ្នោត និងទើបស្បថឡើងកាន់​តំណែងជាផ្លូវការ ខណៈ​អាមេរិក​ និងសម្ព័ន្ធមិត្តមួយ​ចំនួនទៀតវិញ​បានគាំទ្រមេបក្សប្រឆាំង​វេណេស៊ុយអេឡា​គឺលោក ជូអាន ហ្គៃដូ ជាប្រធានាធិបតី​ស្តីទី ហើយស្នើឲ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង​ដោយសន្តិវិធី ដើម្បី​រៀបចំការ​បោះឆ្នោត​ឡើងវិញ។

ទោះបីជា​បែបនេះក្តី រដ្ឋាភិបាល​​លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលមានយោធា​គាំទ្រពេញទំហឹងនោះ បានបង្ហាញជំហរដដែល គឺមិន​ចុះញ៉មសហរដ្ឋអាមេរិក​នោះឡើយ ព្រមទាំងកំពុងធ្វើសមយុទ្ធ​យោធាទ្រង់ទ្រាយ​ធំមិនធ្លាប់មាន​ថែមទៀត ដើម្បីបង្កើនសមត្ថភាព​ត្រៀមទប់ទល់នឹង​ការឈ្លានពាន​ណាមួយ ដែលអាច​កើតមានឡើង៕