(សេអ៊ូល)៖ ក្រុមសិស្សសាលានៅកូរ៉េខាងត្បូងភាគច្រើន កាន់តែមើលឃើញកូរ៉េខាងជើងក្នុងផ្លូវវិជ្ជមានខ្លាំងឡើងៗ នៅចំពេលដែលស្ថានការណ៍មានសភាពស្ងប់សុខក្នុងឧបទ្វីបកូរ៉េ។ នេះបើតាមការស្ទាបស្ទង់មតិមួយចេញផ្សាយនៅថ្ងៃអង្គារនេះ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមការស្ទង់មតិរួមមួយ នៃក្រសួងបង្រួបបង្រួមជាតិ និងក្រសួងអប់រំរបស់ប្រទេសកូរ៉េខាងត្បូងចេញផ្សាយនាថ្ងៃអង្គារនេះបានបង្ហាញថា សិស្សសាលាជិត ៥១ភាគរយបានបង្ហាញទស្សនៈពួកគេថា កូរ៉េខាងជើងគឺជាដៃគូមួយដែលកូរ៉េខាងត្បូង គួរតែធ្វើកិច្ចសហប្រតិបត្តិការជាមួយ ខណៈអត្រានេះបានកើនឡើងពី ៤១.៣ភាគរយ នៅក្នុងការស្ទង់មតិកាលពីលើកមុន។
លទ្ធផលខាងលើត្រូវបានយោងតាមការស្ទង់មតិមួយ ធ្វើឡើងចំពោះសិស្សចំនួន ៨២,៩៤៧នាក់ មកពីបឋមសិក្សា និងវិទ្យាល័យចំនួន៥៩៧កន្លែង នៅទូទាំងប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២២ ខែតុលា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។ ចំណែកឯការស្ទង់មតិស្រដៀងគ្នាមួយទៀតទៅលើសិស្សសាលាចំនួន ៩១,៣១៦ ត្រូវបានធ្វើឡើងនៅតាមសាលារៀនចំនួន ៥៤៨កន្លែង កាលពីឆ្នាំ២០១៧។
ម៉្យាងវិញទៀត អត្រានៃចំនួនសិស្សដែលចាត់ទុកកូរ៉េខាងជើងជាសត្រូវរបស់កូរ៉េខាងត្បូង ក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរគឺមកនៅ ៥.២ភាគរយកាលពីឆ្នាំ២០១៨ ធៀបនឹង ៤១ភាគរយនៅឆ្នាំ២០១៧ ខណៈសិស្សដែលយល់ថា កូរ៉េខាងជើងជាប្រទេសត្រូវការការជួយជ្រោមជ្រែងពីកូរ៉េខាងត្បូង បានកើនពី ១០.៨ភាគរយនៅឆ្នាំ២០១៧ ទៅដល់ ១២.១ភាគរយឆ្នាំ២០១៨។
គួរជម្រាបថា រូបភាពកាន់តែវិជ្ជមានឡើងៗរបស់កូរ៉េខាងជើង បានកើតមាននៅចំពោះមុខ ការកើនឡើងនៃបរិយាកាសសន្តិភាពនៅឧបទ្វីបកូរ៉េ ដែលបង្កើតឡើងតាមរយៈកិច្ចប្រជុំកំពូលអន្តរកូរ៉េជាបន្តបន្ទាប់ បូករួមជាមួយជំនួបកំពូលទីមួយក្នុងប្រវត្តិសាស្រ្តរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន៕