(វ៉ាស៊ីនតោន)៖ កាលពីឆ្នាំមុនក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា តាមពិតផ្ទាំងទឹកកកដ៏ក្រាស់នៅកោះគ្រីនលែន (Greenland) ដែលស្ថិតក្បែរតំបន់ប៉ូលខាងជើង បានបិទបាំងស្នាមរបួសធំមួយរបស់ផែនដី ហើយឥឡូវនេះពួកគេបានរកឃើញភស្តុតាងថ្មីបន្ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
បើតាមការឲ្យដឹងពីទីភ្នាក់ងារអវកាសអាមេរិក NASA រណ្តៅថ្មីទីពីរទំនងជាត្រូវបានរកឃើញនៅជម្រៅប្រហែល ១.៦គីឡូម៉ែត្រ ស្ថិតនៅពីក្រោមផ្ទាំងទឹកកក នៅភាគពាយ័ព្យកោះគ្រីនលែន។ របកគំហើញនេះកើតឡើងក្រោយការរកឃើញរណ្តៅយក្សមួយទៀត ដែលមានមុខកាត់ ៣០គីឡូម៉ែត្រ នៅពីក្រោមផ្ទាំងទឹកកក ហៃយ៉ាវ៉ាថា (Hiawatha) នៅគ្រីនលែន កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលវាគឺជារណ្តៅអាចម៍ផ្កាយដំបូងគេបង្អស់ ដែលត្រូវបានរកឃើញកប់នៅក្រោមផ្ទាំងទឹកកករបស់ភពផែនដី។
រណ្តៅទីពីរនេះដែលមានមុខកាត់ ៣៦គីឡូម៉ែត្រ ស្ថិតនៅចម្ងាយប្រមាណ ១៨៣គីឡូម៉ែត្រពីរណ្តៅទីមួយ ហើយពួកវាប្រហែលជាបានលេចរូបរាងឡើងក្នុងពេលដាច់ដោយឡែកពីគ្នា ព្រោះតែលក្ខណៈខុសគ្នានៃស្រទាប់ផ្ទាំងទឹកកក នៅលើរណ្តៅយក្សទាំងពីរ ដែលស្ថិតនៅលើកោះធំបំផុតលើលោក ជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាកមួយនេះ។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្រ្តក៏មិនទាន់ប្រាកដនោះដែរ អំពីរណ្តៅយក្សទីពីរនេះ ថាបានកើតឡើងដោយរបៀបណា ប៉ុន្តែបើវាត្រូវគេផ្ទៀតផ្ទាត់ឃើញថា រណ្តៅអាចម៍ផ្កាយនោះ វានឹងក្លាយជារណ្តៅយក្សធំបំផុតទី ២២ ដែលត្រូវបានរកឃើញនៅលើភពផែនដីទាំងមូល និងមានអាយុកាលខ្ទង់រាប់សិបលានឆ្នាំឡើងទៅ៕