(ដាម៉ាស់)៖ ទូរទស្សន៍រដ្ឋរបស់ស៊ីរី​បានចេញផ្សាយថា កងទ័ពអាកាសនៃ​សម្ព័ន្ធមិត្ត​សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារ​ដោយទម្លាក់គ្រាប់បែក ទៅលើភូមិមួយក្នុង​ទឹកដី​ស៊ីរី ដោយ​បាន​​បណ្តាលឲ្យ​ជនស៊ីវិល​សរុប ៧០នាក់ស្លាប់។ នេះបើតាម​ការចេញផ្សាយបន្ត​ដោយ​សារព័ត៌មាន Sputnik នារសៀលថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមការចេញ​ផ្សាយខាងលើនេះ ក្រៅពីមនុស្សស្លាប់ទាំង ៧០នាក់ មនុស្សចំនួនទៀត​ក៏បានទទួលរងរបួសផងដែរ នៅក្នុងប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​នៃក្រុមសម្ព័ន្ធមិត្ត​អាមេរិក ទៅលើភូមិមួយ​ក្នុងស្រុក បាហ្គូស (Baghuz) នៃខេត្តឌែរអេសហ្សួរ (Deir-ez-Zor) ដែលបានកើតមាន​ឡើងកាលពីថ្ងៃចន្ទ ហើយពីដំបូង​ឡើយមនុស្សប្រមាណ ២០នាក់​ត្រូវបានគេរាយការណ៍ស្លាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍​សប្តាហ៍មុននេះ កងកម្លាំង​ប្រជាធិបតេយ្យឃើដ​នៅស៊ីរី (SDF) បានអះអាងថា ពួកគេ​បាន​ចាប់ផ្តើមប្រតិបត្តិការរំដោះយក​ស្រុក Baghuz ពីកណ្តាប់ដៃ​ក្រុម ISIS ដោយ​​ពួកគេអះអាង​ថា Baghuz វាគឺជាមូលដ្ឋានចុងក្រោយរបស់ ISIS នៅក្នុង​ប្រទេស​​ស៊ីរី ប៉ុន្តែ​ការវាយប្រហារ​ដែលគាំទ្រដោយ​សហរដ្ឋអាមេរិកនេះ បានធ្លោយ​ទៅប៉ះ​ភូមិ​ជនស៊ីវិល​ស្លូត​ត្រង់ បណ្តាលឲ្យស្លាប់ និងរបួសជាច្រើន​នាក់ដូចខាង​លើនេះ​តែម្តង៕