(ប៊ីដាពែស)៖ រដ្ឋមន្ត្រីការបរទេសហុងហ្គារីលោក ភីធើ សាហ្ស៊ីចចារតូ (Peter Szijjarto) បានលើកឡើងថា ក្នុងនាមជាសមាជិកដ៏រឹងមាំ និងស្មោះស្ម័គ្រមួយរបស់អង្គការ NATO ប្រទេសហុងហ្គារី នៅអាចបង្កើតទំនាក់ទំនងល្អជាមួយប្រទេសចិន និងរុស្ស៊ីថែមទៀត ប៉ុន្តែការលើកឡើងបែបនេះ បានទទួលការព្រមានពីរដ្ឋមន្ត្រីការបរទេសអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសហុងហ្គារី ធ្វើឡើងនៅក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅក្នុងរដ្ឋធានីប៊ូដាពែស (Budapest)។ លោក សាហ្ស៊ីចចារតូ បានអះអាងទៀតថា ប្រទេសហុងហ្គារីធ្វើការនាំចេញទំនិញទៅប្រទេសចិន ស្ថិតនៅក្នុងរង្វង់ ១.២ភាគរយប៉ុណ្ណោះនៅក្នុងចំណោមសមាជិកទាំងអស់របស់សហភាពអឺរ៉ុប ខណៈតួអង្គសំខាន់ៗពីរគឺ អាល្លឺម៉ង់ និងអង់គ្លេស គឺជាប្រទេសអឺរ៉ុបដែលរកស៊ីជាមួយចិនធំជាងគេ។
ដោយឡែកចំពោះបញ្ហារុស្ស៊ីវិញ ប្រមុខការទូតហុងហ្គារីរូបនេះ បានអំពាវនាវឲ្យក្រុមអ្នករិះគន់បញ្ឃប់ការស៊កសៀតពីក្រោយខ្នងទៀតទៅ ព្រោះពេលនេះការពិតបានបង្ហាញយ៉ាងច្បាស់ហើយថា ក្រុមហ៊ុនអាល្លឺម៉ង់ទៅវិញទេ គឺជាអ្នកទទួលសាងសង់បំពង់បញ្ជូនឧស្ម័ន្ទ North-Stream ជាមួយនឹងប្រទេសរុស្ស៊ី មិនមែនហុងហ្គារីនោះឡើយ។
ទោះបីជាបែបនេះក្តី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ប៉ុមប៉េអូ បានក្រើនរំលឹក និងព្រមានហុងហ្គារីផងដែរអំពីភាពផ្តាច់ការរបស់រុស្ស៊ី ដែលមិនធ្លាប់ចាត់ទុកប្រទេសតូចៗនៅអឺរ៉ុបភាគកណ្តាលជាមិត្តនោះឡើយ នៅអំឡុងពេល ៣០០ឆ្នាំចុងក្រោយនេះ ដូច្នេះហើយហុងហ្គារីត្រូវមានការត្រៀមទុក សម្រាប់ការប្រកួតប្រជែងទៅថ្ងៃមុខ។ លោក ម៉ៃក៍ ប៉ុមប៉េអូ បានចាប់ផ្តើមបំពេញទស្សនកិច្ចនៅបណ្តាតំបន់អឺរ៉ុបកណ្តាល មានដូចជាប្រទេស ហុងហ្គារី ស្លូវ៉ាក និងឈានទៅកាន់ប៉ូឡូញផងដែរ៕