(ការ៉ាកាស់)៖ ប្រមុខការពារជាតិវេណេស៊ុយអេឡាលោក វ្ល៉ាឌីមៀ ផាឌ្រីណូ ឡូប៉ែស (Vladimir Padrino Lopez) បាននិយាយថា គ្មានឡើយទណ្ឌណាមួយដែលនឹងធ្វើឲ្យរលុប ឬខូចខាតសេចក្តីថ្លៃថ្នូរជាតិមួយនេះទៅថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
ការថ្លែងរបស់រដ្ឋមន្ត្រីការពារជាតិវេណេស៊ុយអេឡាខាងលើនេះ បានធ្វើឡើងនាឱកាសដែលប្រទេសអាមេរិកឡាទីនមួយនេះ កំពុងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមក ចំពោះមុខការតវ៉ាពីក្រុមប្រឆាំងក្នុងប្រទេស ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ លោក ឡូប៉ែស បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបាននិយាយហើយថា យើងនឹងនៅតែស្ថិតនៅលើទឹកដីកំណើតរបស់យើងនេះ ជាមួយនិងទណ្ឌកម្មទាំងឡាយ...»។
ដោយឡែកលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ វិញក៏បានបញ្ជាក់កាលពីថ្ងៃចន្ទផងដែរថា លោកនឹងធ្វើការវិនិយោគលើវិស័យការពារជាតិ ដើម្បីឲ្យយោធា និងក្រុមអ្នកប្រយុទ្ធវេណេស៊ុយអេឡា មានអាវុធទំនើបៗប្រើប្រាស់ដើម្បីការពារសន្តិភាព ដោយលោកចង់សំដៅទៅលើការទប់ទល់នឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក ដែលចង់ប្រើប្រាស់យោធា ដើម្បីដោះស្រាយគ្រោះទុរភិក្ស នៅប្រទេសវេណេស៊ុយអេឡា។
គួរបញ្ជាក់ថា រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចាប់ផ្តើមការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើមន្ត្រីរដ្ឋាភិបាលសំខាន់ៗ និងក្រុមហ៊ុនរដ្ឋធំៗនៅវេណេស៊ុយអេឡា ចាប់តាំងពីចុងឆ្នាំ២០១៨ រហូតមកដល់ដើមឆ្នាំ២០១៩ នេះ។ សហរដ្ឋអាមេរិកបានចាត់ទុករដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ថាមិនស្របច្បាប់ ដែលគួរតែត្រូវផ្ទេរអំណាចទៅឲ្យមេបក្សប្រឆាំងវិញ គឺលោក ជូអាន ហ្គៃដូ ខណៈបណ្តាប្រទេសអឺរ៉ុបមួយចំនួន បានអំពាវនាវឲ្យលោក ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឲ្យគ្រប់គ្នាអាចទទួលយកបាន៕