(ញូដេលី)៖ ចំនួនមនុស្សស្លាប់ដែលបង្កឡើងអគ្គីភ័យ ឆាបឆេះសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋធានីញូដេលីប្រទេសឥណ្ឌានោះ បានកើនឡើងដល់ ១៧នាក់ហើយ ខណៈមនុស្ស០៥នាក់ទៀតរងរបួសធ្ងន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រុមពន្លត់អគ្គីភ័យដែលមានគ្នា ២៥នាក់ បានសម្រុកទៅកាន់កន្លែងកើតហេតុ តាំងតែពីពេលទៀបភ្លឺថ្ងៃអង្គារនេះមកម្ល៉េះ ហើយរហូតដល់ពេលព្រឹកព្រលឹមទើបអគ្គីភ័យត្រូវបានពន្លត់ទាំងស្រុងនៅសណ្ឋាគារ អាភីត ផាឡេស (Arpit Palace) លំដាប់ផ្កាយបី ស្ថិតនៅក្នុងសង្កាត់ ខារ៉ូល បេក (Karol Bagh) នៃរដ្ឋធានីញូដេលី។
គួរជម្រាបថា មូលហេតុនៅពីក្រោយគ្រោះអគ្គីភ័យខាងលើ មិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ ប៉ុន្តែមានការសង្ស័យថា វាអាចបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី។ ដោយឡែកមនុស្សប្រមាណ ៣០នាក់ត្រូវបានសង្គ្រោះដោយសុវត្ថិភាព ចេញពីសណ្ឋាគារ និងអ្នករងរបួសទាំងឡាយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុង៕