(ហ្សាការតា)៖ អង្គភាពប៉ូលិសឥណ្ឌូណេស៊ី បានចេញមុខសូមអភ័យទោសជាសាធារណៈហើយសន្យាថា នឹងបង្កើនការរឹតបន្តឹងវិន័យ បន្ទាប់ពីមានការបង្ហោះវីដេអូលើបណ្តាញអ៊ីនធើណែត បង្ហាញពីសកម្មភាពក្រុមមន្រ្តីប៉ូលិសឥណ្ឌូណេស៊ី ប្រើប្រាស់សត្វពស់ទៅបន្លាចក៏ដូចជាគំរាមធ្វើបាបជនសង្ស័យម្នាក់ ដើម្បីឲ្យជននោះព្រមផ្តល់ចម្លើយសារភាព។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងនៅខេត្ត Papua ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី។ ឃ្លីបវីដេអូមួយដែលត្រូវបានគេចែកចាយព្រោងព្រាត តាមអនឡាញបានបង្ហាញឲ្យឃើញពីបុរសម្នាក់ជាជនសង្ស័យ ស្ថិតក្រោមការសួរចម្លើយជុំវិញករណីលួចទូរស័ព្ទដៃ ដោយអង្គុយនៅលើឥដ្ឋជាមួយដៃទាំងពីរត្រូវគេចងនៅខាងក្រោយ ហើយស្រែកផង និងបិទភ្នែកផង ខណៈដែលមន្រ្តីប៉ូលិសម្នាក់កាន់ក្បាលសត្វពស់ដែលព័ទ្ធលើខ្លួនជនសង្ស័យ ទៅជ្រលរដាក់មុខជននោះ។
មេបញ្ជាការប៉ូលិសប្រចាំតំបន់ ហ្សាយ៉ាវ៉ាហ្សាយ៉ា (Jayawijaya) លោក ថូននី ស្វាដាយ៉ា (Tonny Ananda Swadaya) បានចេញមុខសូមទោសចំពោះសហគមន៍នៅខេត្ត ប៉ាពួ (Papua) ជុំវិញទង្វើគ្មានវិជ្ជាជីវៈរបស់ក្រុមមន្រ្តីប៉ូលិសខាងលើ ដែលពួកគេបានសម្រេចជ្រើសរើសមធ្យោបាយដោយខ្លួនពួកគេផ្ទាល់ ដើម្បីព្យាយាមឲ្យជនសង្ស័យផ្តល់ចម្លើយសារភាព ប៉ុន្តែលោកបានអះអាងថា សត្វពស់នោះគ្មានពិសឡើយ និងត្រូវគេបង្វឹករួចទៅហើយ។
មេប៉ូលិសឥណ្ឌូណេស៊ីរូបនេះ បានសន្យាថានឹងបង្កើនការរឹតបន្តឹងវិន័យ និងបានបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយអង្គភាពកិច្ចការផ្ទៃក្នុង ហើយបើរកឃើញមានការបំពានច្បាប់ ឬក៏ក្រមសីលធម៌នោះ ចំណាត់ការដ៏សាកសមនឹងត្រូវដាក់ចេញ។
គួរជម្រាបថា មានការអះអាងថា ករណីមន្រ្តីប៉ូលិឥណ្ឌូណេស៊ីប្រើសត្វពស់ទៅបន្លាចធ្វើបាបជនសង្ស័យ និងករណីរំលោភសិទ្ធិមនុស្សផ្សេងៗទៀត តែងកើតមានជារឿយៗនៅក្នុងខេត្ត Papua ជាទីដែលមានចលនាប៉ុនប៉ងបំណែករដ្ឋ ចេញពីប្រទេសឥណ្ឌូណេស៊ី។ ខេត្ត Papua ដែលសម្បូរដោយធនធានជាប់ប្រទេសប៉ាពូញូហ្គីណេនេះ បានក្លាយជាផ្នែកមួយនៃឥណ្ឌូណេស៊ីកាលពីឆ្នាំ១៩៦៩ តាមរយៈការធ្វើប្រជាមតិមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ៕