(ម៉ូស្គូ)៖ សមាជិកមួយចំនួននៃគណរដ្ឋមន្ត្រីអង់គ្លេសបានបង្ហាញការជឿជាក់ថា លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី យ៉ាងហោចណាស់នារដូវក្តៅឆ្នាំនេះ ក្រោយពីចក្រភពអង់គ្លេសប្រកាសដកខ្លួនជាផ្លូវការចេញពីសហភាពអឺរ៉ុប នៅខែមីនា ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
សម្រាប់លោកស្រី May វិញកាលពីខែធ្នូកន្លងទៅនេះធ្លាប់បានប្រកាសថា លោកស្រីនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ឲ្យបានមុនការបោះឆ្នោតសកលនៅឆ្នាំ២០២២ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់ពីកាលបរិច្ឆេទ ដែលអាចទទួលយកបាននោះឡើយ ខណៈការលើកឡើងខាងលើនេះ គឺនៅសល់រយៈពេលរហូតទៅដល់ ៣ឆ្នាំទៀតឯណោះ។ ប៉ុន្តែពេលនេះសមាជិកគណរដ្ឋមន្ត្រីមួយចំនួន ដែលស្និទ្ធនឹងលោកស្រី May បានបង្ហើបថា នាយករដ្ឋមន្ត្រីរូបនេះអាចនឹងលាលែងពីតំណែង នៅអំឡុងរដូវក្តៅឆ្នាំនេះហើយ (កំឡុងខែមិថុនា ដល់ខែសីហា)។
គួរបញ្ជាក់ថា លោកស្រី Theresa May បានទទួលការគាំទ្រពីគណបក្សអភិរក្សនិយម (CP) របស់លោកស្រីឲ្យឡើងធ្វើជានាយករដ្ឋមន្ត្រីអង់គ្លេស កាលពីឆ្នាំ២០១៦ បន្ទាប់ពីការលាលែងចេញពីតំណែងរបស់លោក ដេវីដ ខាម៉េរូន ដោយសារតែការបោះឆ្នោតដកអង់គ្លេសចេញពីសហភាពអឺរ៉ុប Brexit កាលណោះបានធ្វើឲ្យរូបលោកពិបាកទទួលយកជាខ្លាំង។
ទោះបីជាបែបនេះក្តី ដើម្បីធ្វើការអនុវត្តឲ្យសមស្របទៅតាមដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងការសម្រេចចិត្តនៃប្រជាជនអង់គ្លេសភាគច្រើននោះ លោកស្រី Theresa May នៅតែខំប្រឹងប្រែងទៅមុខជានិច្ច ដើម្បីជម្នះនាំអង់គ្លេសចេញពីអឺរ៉ុបជាផ្លូវការ ព្រមទាំងបានប្រឆាំងជាច្រើនលើកច្រើនសាផងដែរ ចំពោះការស្នើឲ្យមាន Brexit លើកទីពីរ៕