ឥណ្ឌា៖ អគ្គីភ័យលេបត្របាក់សណ្ឋាគារញូដេលី «ផ្តាច់ជីវិតមនុស្ស០៩នាក់ និង០៧នាក់ទៀតរងរបួសធ្ងន់» (Photo inside) (Video Inside)
12-02-2019 10:37
(ញូដេលី)៖ មនុស្សយ៉ាងតិច ០៩នាក់បានបាត់បង់ជីវិត និងប្រមាណ០៧នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីគ្រោះអគ្គីភ័យបានកើតមានឡើងនៅសណ្ឋាគារមួយកន្លែង ក្នុងរដ្ឋធានីញូដេលីនៃប្រទេសឥណ្ឌានាថ្ងៃអង្គារនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Hindustan Times នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យនៅក្នុងតំបន់ លោក ស៊ូនីល ឈួដារី (Sunil Choudhary) បានឲ្យដឹងថា មនុស្ស០៩នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះនៅសណ្ឋាគារ អាភីត ផាឡេស (Arpit Palace) ក្នុងសង្កាត់ ខារ៉ូល បេក (Karol Bagh)។ ខណៈនេះ អគ្គិភ័យក៏ត្រូវបានពន្លត់ឲ្យរលត់ហើយដែរ។ លោក Choudhary បានបញ្ជាក់ទៀតថា មនុស្ស ២៥នាក់ត្រូវបានជម្លៀសចេញពីសណ្ឋាគារលំដាប់ផ្កាយបីនេះ រីឯ០២នាក់បានលោតចុះមកក្រោម ដោយសារការភ័យស្លន់ស្លោពេក។
គួរជម្រាបថា មូលហេតុនៅពីក្រោយគ្រោះអគ្គីភ័យខាងលើ មិនទាន់ត្រូវបានបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ ប៉ុន្តែមានការសង្ស័យថា វាអាចបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី៕