(ម៉ូស្គូ)៖ រុស្ស៊ីចាប់បានសញ្ញានៃការធ្វើចលនាយ៉ាងច្រើនសន្ធឹកសន្ធាប់ នៃក្រុមផ្កាយរណបយោធាក្នុងកម្មវិធីអង្កេត ស្ថានភាពភូមិសាស្ត្រនៃទីអវកាសអាមេរិក Geosynchronous Space Situational Awareness Program ឬហៅកាត់ថា GSSAP របស់អាមេរិក ដែលស្ថិតនៅក្នុងគន្លងគោចរជុំវិញភពផែនដី។ នេះបើតាមឯកសារមួយរបស់មជ្ឈមណ្ឌលអវកាសរុស្ស៊ី Astro Space Center ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
យោងតាមឯកសាររបស់ Astro Space Center បានឲ្យដឹងថា ប្រព័ន្ធតាមដានសកម្មភាពផ្កាយរណបក្នុងទីអវកាសរបស់រុស្ស៊ី បានប្រទះឃើញសញ្ញាក្នុងទ្រង់ទ្រាយធំនៃការធ្វើចលនារបស់ផ្កាយរណប GSSAP ចំនួន ០៤គ្រឿងរបស់សហរដ្ឋអាមេរិក។ តួយ៉ាងមួយគ្រឿងក្នុងចំណោមនោះ ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ២០១៤ បានធ្វើចលនាគួរឲ្យកត់សម្គាល់ដល់ទៅ ៤០០លើកនៅមុនឆ្នាំ២០១៨។ ក្រៅពីនេះ ពេលខ្លះទៀតផ្កាយរណបយោធាទាំងនេះ បានទៅត្រួតពិនិត្យផ្កាយរណបដទៃរបស់អាមេរិក។
គួរជម្រាបថា កាលពីចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានបញ្ជូនផ្កាយរណប ០៤គ្រឿង នៅក្រោមកម្មវិធី GSSAP ដែលមានគោលដៅគ្រប់គ្រងទីអវកាស ដើម្បីបម្រើផលប្រយោជន៍ឲ្យកងទ័ពអាកាសរបស់ខ្លួន៕