(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃចន្ទសប្តាហ៍នេះ បានព្រមានទាត់ចោលកិច្ចប្រឹងប្រែងរបស់សភាអាមេរិក ដែលមានគោលដៅបិទបញ្ចប់ ការគាំទ្រផ្នែកយោធារបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់សង្រ្គាមទម្លាក់គ្រាប់បែកនៅយេម៉ែន ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។
កាលពី០២សប្តាហ៍មុន មន្រ្តីបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋនៅក្នុងសភា (រដ្ឋសភា) សហរដ្ឋអាមេរិក បានបង្ហាញចេញជាថ្មីនូវសេចក្តីសម្រេចលើដំណោះស្រាយមួយ ដើម្បីធ្វើជាសារបង្កប់អត្ថន័យយ៉ាងធ្ងន់មួយទៅកាន់ទីក្រុងរីយ៉ាដ ទាំងអំពីមហន្តរាយមនុស្សជាតិនៅយេម៉ែន និងការថ្កោលទោសចំពោះករណីឃាតកម្មទៅលើអ្នកកាសែត Washington Post ដែលជាជនជាតិអារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត នៅប្រទេសតួកគី។
ក៏ប៉ុន្តែរដ្ឋាភិបាលលោក ត្រាំ បាននិយាយថា ដំណោះស្រាយនេះហាក់ដូចជាមិនសមរម្យឡើយ ដោយសារតែកងទ័ពអាមេរិកបានផ្តល់សេវាចាក់សាំងយន្តហោះ និងការគាំទ្រផ្សេងៗទៀត ក្នុងសង្រ្គាមនៅយេម៉ែន ពោលគឺមិនមែនបញ្ជូនទ័ពឲ្យទៅប្រយុទ្ធនោះទេ ហើយម៉្យាងវិញទៀត ចំណាត់ការនេះនឹងបំផ្លាញដល់ទំនាក់ទំនងនៅក្នុងតំបន់ ព្រមទាំងប៉ះពាល់ដល់សមត្ថភាពរបស់អាមេរិក ក្នុងការទប់ស្កាត់ការរីករាលដាលនៃអំពើហិង្សាជ្រុលនិយម។
គួរជម្រាបថា អារ៉ាប៊ីសាអូឌីត ដែលលោក ដូណាល់ ត្រាំ ចាត់ទុកជាដៃគូសំខាន់នៅមជ្ឈិមបូព៌ា កំពុងបន្តដឹកនាំប្រតិបត្តិការយោធាចម្រុះ ដើម្បីប្រយុទ្ធប្រឆាំងជាមួយក្រុមឧទ្ទាម ហួធី (Houthi) ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន។ សង្រ្គាមនៅក្នុងប្រទេសនេះ ត្រូវគេជឿជាក់ថា បានសម្លាប់ជីវិតមនុស្សរាប់សែននាក់ និងបន្សល់ទុកឲ្យមនុស្សរាប់លាននាក់ប្រឈមមុខជាមួយគ្រោះទុរភិក្ស។ ចំណែកសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រដល់យុទ្ធនាការទម្លាក់គ្រាប់បែក តាមផ្លូវអាកាសរបស់អារ៉ាប៊ីសាអូឌីត តាមរយៈការចាក់សាំងយន្តហោះលើអាកាស និងការផ្តល់ព័ត៌មានសម្ងាត់ជាដើម៕