(វ៉ាស៊ីនតោន)៖ នាវាពិឃាតអាមេរិក០២គ្រឿង នាថ្ងៃចន្ទនេះបានធ្វើដំណើរមកក្បែរប្រជុំកោះ ដែលត្រូវបានទាមទាររបស់ប្រទេសចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈទីក្រុងប៉េកាំងបានចេញមុខរិះគន់ភ្លាមៗដោយមិនបង្អស់យូរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានបារាំង AFP នៅយប់ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
នាវាពិឃាតអាមេរិក USS Spruance និង USS Preble បានធ្វើនាវាចរនៅចម្ងាយ២២គីឡូម៉ែត្រពីតំបន់ថ្មប៉ប្រះទឹក Mischief Reef ក្នុងតំបន់ភាគខាងកើតនៃប្រជុំកោះ Spratly ដែលមានបញ្ហាវិវាទ នៅដែនសមុទ្រចិនខាងត្បូង ហើយប្រតិបត្តិការរបស់នាវាទាំងគ្រឿងនេះ គឺជាសកម្មភាពថ្មីចុងក្រោយគេបំផុតរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នូវអ្វីដែលខ្លួនមើលឃើញថា ជាការខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការដាក់កំហិតលើសេរីភាពនាវាចរ នៅក្នុងតំបន់ផ្លូវទឹកយុទ្ធសាស្រ្តដ៏សំខាន់មួយនេះ។
ដោយមិនរង់ចាំយូរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បានលើកឡើងថា សហរដ្ឋអាមេរិក កំពុងតែតាំងចិត្តសំដៅបង្កបញ្ហានៅសមុទ្រចិនខាងត្បូង និងបង្កើតភាពតានតឹងកាន់តែខ្លាំង ព្រមទាំងបំផ្លាញសុខសន្តិភាពនៅក្នុងតំបន់ ហើយលោកស្រី បានទទូចឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់សកម្មភាពបង្កហេតុនានាជាបន្ទាន់។
គួរជម្រាបថា ក្រៅពីចិន វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង តៃវ៉ាន់ សុទ្ធតែមានការទាមទារចំណែករៀងៗខ្លួន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈប្រទេសចិន បានធ្វើការទាមទារស្ទើរតែលើទឹកដីទាំងមូលនៃតំបន់នេះ ហើយជារឿយៗតែងបានរិះគន់ទៅលើសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តមួយចំនួនរបស់វ៉ាស៊ីនតោន ជុំវិញការធ្វើប្រតិបត្តិការតាមផ្លូវទឹកនិងអាកាស នៅក្បែរប្រជុំកោះដែលខ្លួនទាមទារឬកាន់កាប់៕