(ឡុងដ៍)៖ បើតាមសេចក្តីព្រាងសុន្ទរកថា ស្តីពីយុទ្ធសាស្រ្តយោធាថ្មីរបស់ចក្រភពអង់គ្លេស ដែលសារព័ត៌មាន Independent បានធ្វើការចុះផ្សាយ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក ហ្គេវីន វីលៀមសុន (Gavin Williamson) នឹងប្រកាសពីការបញ្ជូននាវាដឹកយន្តហោះចម្បាំងថ្មី HMS Queen Elizabeth របស់ទ័ពជើងទឹកអង់គ្លេស ទៅកាន់តំបន់ដែនទឹកដែលមានបញ្ហាវិវាទ នៅមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
នាថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Williamson នឹងត្រូវថ្លែងសុន្ទរកថាគន្លឹះមួយនៅវិទ្យាស្ថានជាតិយោធា និងសន្តិសុខក្នុងទីក្រុងឡុងដ៍ជាទីដែលលោកនឹងបង្ហាញពីផែនការសម្រាប់ការធ្វើទំនើបកម្មយោធា របស់ចក្រភពអង់គ្លេស។ ប្រមុខការពារជាតិអង់គ្លេសរូបនេះត្រូវគេរំពឹងថា នឹងបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយអន្តរាគមន៍និយមរបស់ចក្រភពអង់គ្លេសដដែល ដោយយោងលើហេតុផលថា ការមិនចូលរួមធ្វើសកម្មភាពក្នុងវិបត្តិអន្តរជាតិ អង់គ្លេសអាចប្រឈមមហានិយភ័យ នៃការត្រូវចាត់ទុកថា «គ្រាន់ជាខ្លាប្រដាសមួយ»។
យោងតាមប្រភពសេចក្តីព្រាងសុន្ទរកថាខាងលើ លោក Williamsom នឹងលើកឡើងទៀតថា បន្ទាប់ចាកចេញពីសហភាពអឺរ៉ុប ចក្រភពអង់គ្លេសប្រហែលត្រូវចូលលូកដៃនាពេលអនាគត ដើម្បីតទល់ជាមួយរុស្ស៊ី និងចិន ដែលលោកអះអាងថា កំពុងសកម្មជាខ្លាំងក្នុងការបង្កើនក៏ដូចជាពង្រឹងកម្លាំងយោធារបស់ពួកគេ។
គួរជម្រាបថា សព្វថ្ងៃចិនកំពុងតែស្ថិតក្នុងបញ្ហាជម្លោះមិនដាច់ស្រេច ជាមួយបណ្តាប្រទេសជិតខាត ព្រមទាំងសហរដ្ឋអាមេរិកជុំវិញការទាមទារទឹកដី នៅតំបន់សមុទ្រចិនខាងត្បូង ដែលជាច្រកផ្លូវអន្តរជាតិដ៏សំខាន់ និងមានទំហំពាណិជ្ជកម្មរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ កាលពីថ្ងៃកញ្ញា ឆ្នាំ២០១៨ អង់គ្លេសក៏ធ្លាប់បានបញ្ជូននាវាចម្បាំង HMS Albion ទៅទីក្រុងហាណូយ នៅភាគខាងត្បូងវៀតណាម ដោយឆ្លងកាត់តំបន់ដែលស្ថិតក្រោមការទាមទាររបស់ចិន នៅសមុទ្រចិនខាងត្បូងផងដែរ៕