(ហ្សាការតា)៖ ទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងនៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃចន្ទនេះបានសេចក្តីណែនាំឲ្យអ្នកភូមិប្រហែលជាង ១,០០០នាក់ ដែលរស់នៅគ្រោះថ្នាក់ជុំវិញភ្នំភ្លើង ការាំងហ្គេតាំង (Karangetang) ដែលស្ថិតនៅខេត្តស៊ូឡាវេស៊ីខាងជើង ជម្លៀសខ្លួនចេញពីទីនោះជាបន្ទាន់ ខណៈដែលវាកំពុងតែផ្ទុះបញ្ចេញកម្អែរផេះ និងភ្លើងយ៉ាងសម្បើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
អាជ្ញាធរឥណ្ឌូណេស៊ីបានឲ្យដឹងថា អ្នករស់នៅភូមិចំនួន ០៣ ដែលនៅក្នុងគម្លាត ០២ ទៅ ២.៥គីឡូម៉ែត្រពីមាត់ភ្នំភ្លើង Karangetang ត្រូវបានណែនាំឲ្យជម្លៀសមនុស្សដែលអាចមានចំនួនចន្លោះពី ១,០០០នាក់ ទៅ ១,៥០០នាក់ ចេញទៅកាន់តំបន់ដែលមានសុវត្ថិភាពពីការគំរាមកំហែងនៃកម្អែរភ្លើង និងផេះដ៏ក្តៅគគុក។
គួរជម្រាបថា លើសពីនេះទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងឥណ្ឌូណេស៊ី ក៏បានហាមមិនឲ្យមនុស្សម្នា ចូលទៅក្បែរៗតំបន់ក្បែរភ្នំភ្លើងខាងលើផងដែរ។ ភ្នំភ្លើង Karangetang ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ១២៩ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី៕