(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកមួយរូបគឺលោកស្រី អាម៉ាយ ក្លូប៊ូចារ (Amy Klobuchar) ដែលត្រូវជាមន្ត្រីសំខាន់មួយរូប នៃគណបក្សប្រជាធិបតេយ្យផងដែរនោះបានប្រកាសថា លោកស្រីនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងឲ្យរដ្ឋមីនណេសូតា (Minnesota) ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត នៅឆ្នាំ២០២០ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
ការប្រកាសរបស់លោកស្រី Amy Klobuchar ត្រូវបានធ្វើឡើងនៅក្នុងកំឡុងនៃកិច្ចអត្ថាធិប្បាយមួយរបស់ខ្លួន នៅក្នុងទីក្រុងមីននាផូលីស (Minneaoplis) នៃរដ្ឋ Minnesota នៅចំពោះមុខបណ្តាអ្នកគាំទ្រ ដែលឈរគាំទ្រលោកស្រីក្រោមស្ថានភាពធ្លាក់ព្រិល។ លោកស្រី Amy Klobuchar ត្រូវបានគេមើលឃើញថា បានជាប់ជាសមាជិកព្រឹទ្ធសភាក្នុងអាណត្តិទី ៣ យ៉ាងងាយស្រួល ព្រោះតែប្រជាប្រិយភាពរបស់លោកស្រី។
នាងឱកាសនោះលោក Klobuchar បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ប្រទេសជាតិរបស់យើងមិនត្រូវស្ថិតក្រោមការដឹកនាំដោយភាពកោលាហលនោះឡើយ ប៉ុន្តែគឺដោយឱកាស... ហើយក៏មិនមែនដោយការរិះគន់ ឬថ្កោលទោសទៅលើអ្វីដែលខុសនោះដែរ ប៉ុន្តែដោយការដើរទៅលើផ្លូវដែលត្រឹមត្រូវមិនចេះងាករេ...»។
គួរបញ្ជាក់ថា លោកស្រី Amy Klobuchar វ័យ ៥៨ឆ្នាំ គឺជាស្ត្រីទីបួន និងជាព្រឹទ្ធសមាជិកទីប្រាំផងដែរ ដែលបានប្រកាសខ្លួនធ្វើជាបេក្ខជនប្រធានាធិបតី។ សមាជិកជួរមុខនៃបក្សប្រជាធិបតេយ្យរូបនេះ ក៏បានអះអាងផងដែរអំពីសមត្ថភាពរបស់ខ្លួន ក្នុងការចរចាជាមួយមន្ត្រីបក្សសាធារណរដ្ឋ ក្នុងករណីមានការជាប់គាំងនានា ដូចជាការជាប់គាំងរដ្ឋាភិបាលជាដើម ខណៈបញ្ហាសុខមាលភាពសង្គម គឺជាប្រធានបទធំជាងគេរបស់លោកស្រី៕