(ឡុងដ៍)៖ ព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលជាស្វាមីរបស់មហាក្សត្រីយានីនៃចក្រភពអង់គ្លេស អេលីហ្សាប៊ែត (Elizabeth) ទី២ បានសម្រេចបោះបង់ចោលសិទ្ធិបើកបរ បន្ទាប់ពីទ្រង់បានជួបគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីខែមុននៅទីក្រុងឡុងដ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
អ្នកនាំពាក្យនៃព្រះរាជវាំង បាក់ឃីងហាំ (Buckingham) បានប្រកាសឲ្យដឹងយ៉ាងដូច្នេះថា «ក្រោយការធ្វើព្រះរាជតំរិះយ៉ាងហ្មត់ចត់ ព្រះអង្គម្ចាស់ Philip បានសម្រេចព្រះទ័យបោះបង់ប័ណ្ណបើកបររបស់ទ្រង់»។ ព្រះអង្គម្ចាស់ Philip ដែលបច្ចុប្បន្នមានព្រះជន្ម ៩៧ព្រះវស្សាទៅហើយនោះ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ ខែមករា ដោយរថយន្តរបស់ទ្រង់បានប៉ះទង្គិចគ្នា ជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Kia នៅភាគខាងជើងទីក្រុងឡុងដ៍ ប៉ុន្តែព្រះអង្គម្ចាស់មិនបានរងរបួសអ្វីឡើយ។
គួរជម្រាបថា នៅចក្រភពអង់គ្លេស ប័ណ្ណបើកបរផុតសុពលភាពនៅអាយុ ៧០ឆ្នាំ ប៉ុន្តែប្រជាជនដែលមានអាយុលើសពីនេះ នៅតែអាចបើកបរបានដដែល តាមរយៈការពន្យារប័ណ្ណរយៈពេល ០៣ឆ្នាំម្តង ហើយប្រកាសពីស្ថានភាពសុខភាពដែលចាំបាច់ផ្សេងៗ ដើម្បីបញ្ជាក់ថា ពួកគេត្រូវគ្រប់តាមស្តង់ដាសម្រាប់ការបើកបរ៕