(វ៉ាស៊ីនតោន)៖ ប្រទេសបង់ក្លាដែសបានទទួលរងការរិះគន់យ៉ាងខ្លាំង ពីបណ្តាប្រទេសធំៗមួយចំនួនជុំវិញការបោះឆ្នោតកាលពីខែធ្នូ ដែលគណបក្សរបស់លោកស្រីនាយករដ្ឋមន្ត្រី ហ្សេក ហាស៊ីណា (Sheikh Hasina) បានឈ្នះយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែសហរដ្ឋអាមេរិកបានបង្ហាញជំហរផ្ទុយពីសម្ព័ន្ធមិត្តនានារបស់ខ្លួន ដោយមិនបានចេញមុនរិះគន់ខ្លាំងៗនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញសារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។
ប្រការដូចខាងលើនេះត្រូវបានអ្នកតាមមួយចំនួនមើលឃើញថា សហរដ្ឋអាមេរិកកំពុងតែសម្លឹងឃើញផលប្រយោជន៍សំខាន់ៗមួយចំនួន ជាមួយនាយករដ្ឋមន្ត្រីបង់ក្លាដែស ដែលកំពុងដឹកនាំប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ៨ នៅលើសកលលោកមួយនេះ ខណៈប្រជាជាតិនៃតំបន់អាស៊ីខាងត្បូងមួយនេះ មានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសលោកខាងលិចជាយូរណាស់មកហើយ ទោះបីជាមិនជិតស្និទ្ធខ្លាំងក្តី។
គួរបញ្ជាក់ថា គណបក្សសម្ព័ន្ធអាវ៉ាមី (Awami Leaque) របស់លោកស្រី ហាស៊ីណា បានទទួលកៅអីសរុប ២៨៨ នៅក្នុងចំណោម ៣០០ នៅក្នុងសភា កាលពីការបោះឆ្នោតសកលប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។ បណ្តាប្រទេសតំបន់អឺរ៉ុបមួយចំនួនបានចេញមុខរិះគន់រដ្ឋាភិបាលលោកស្រី ហាស៊ីណា ចំពោះការរិតត្បិតប្រពន្ធផ្សព្វផ្សាយ និងសេចក្តីសម្រេចរបស់តុលាការបង់ក្លាដែស ដែលបានឲ្យមេបក្សប្រឆាំងជាប់ពន្ធនាគារកាលពីឆ្នាំ២០១៨ ផងដែរ ប៉ុន្តែសហរដ្ឋអាមេរិកវិញបានចេញសេចក្តីថ្លែងការណ៍ផ្ទុយពីនេះ។
ជាការពិតសហរដ្ឋអាមេរិកកន្លងមក បានធ្វើការតាមដានយ៉ាងដិតដល់ចំពោះការបោះឆ្នោតនៅបង់ក្លាដែសដូចទៅនឹងបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនដែរ ប៉ុន្តែបន្ទាប់ពីការចេញលទ្ធផលផ្លូវការបង្ហាញថា លោកស្រី ហ្សេក ហាស៊ីណា ជាអ្នកឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនោះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសរសេរលិខិតមួយស្វាគមន៍ និងជូនពរលោកស្រី ហាស៊ីណា ចំពោះភាពជោគជ័យនេះ ប៉ុន្តែមហាអំណាចអាមេរិកក៏អំពាវនាវឲ្យលោកស្រី ប្តេជ្ញាការពារសិទ្ធិមនុស្ស សេរីភាពនៃការបញ្ចេញមតិ និងរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យរបស់ខ្លួនឲ្យបានផងដែរ។
លោកស្រី ហាស៊ីណា គឺមេដឹកនាំបង់ក្លាដែសមួយរូប ដែលទទួលបានការកោតសរសើរខ្លាំងពីសហរដ្ឋអាមេរិក និងលោកខាងលិចបន្ទាប់ពីប្រទេសលោកស្រី ព្រមទទួលយកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ៧០០,០០០នាក់ ឲ្យជ្រកកោណបណ្តោះអាសន្ន បន្ទាប់ពីពួកគេបានរត់គេចចេញពីទឹកដីមីយ៉ាន់ម៉ា ដោយសារតែអំពើហិង្សា។
បើតាមអ្នកជំនាញជាន់ខ្ពស់មួយរូប គឺលោក ម៉ៃឃើល គូហ្គែលមែន (Michael Kugelman) មកពីសកលវិទ្យាល័យ វូឌ្រូវ វាលសុន (Woodrow Wilson) របស់សហរដ្ឋអាមេរិកបានលើកឡើងថា បង់ក្លាដែសកំពុងត្រូវបានលោកខាងលិច មើលឃើញពីដំណើរឆ្ពោះទៅរករបបផ្តាច់ការ ប៉ុន្តែដោយសារការចេះបទបែននោះ ប្រទេសនេះអាចមានប្រយោជន៍ សមនឹងការចង់បានរបស់ទីក្រុងវ៉ាស៊ីនតោនទៅវិញ៕