(បាងកក)៖ គណៈកម្មការបោះឆ្នោតជាតិ​របស់ថៃ​នៅថ្ងៃចន្ទសប្តាហ៍​ថ្មីនេះ​ នឹងចាប់ផ្តើម​ដំណើរការពិនិត្យ និងចាត់វិធានការ​​ចំពោះ «គណបក្សថៃ​រក្សាជាតិ» ដែល​បានប្រកាស​តែងតាំង​ព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ធ្វើជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​​របស់បក្ស ដើម្បីចូលរួមប្រកួត​ប្រជែង​ការបោះឆ្នោត ខណៈវាជា​ការបង្កឲ្យមានការភ្ញាក់​ផ្អើល​ពីមហាជន និងការជំទាស់ពី​សំណាក់ព្រះមហាក្សត្រថៃ​ផងដែរ។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia នាព្រឹក​ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

សារព័ត៌មានខាងលើនេះបានបន្តទៀតថា ការចាត់វិធានការនោះ គឺអាចជាការរារាំងបក្ស​ថៃរក្សាជាតិ មិនឲ្យចូលរួមឆាកនយោបាយ តបតាមការអំពាវនាវពីគណបក្សនយោបាយ​មួយ ដែលមានទំនោរ​គាំទ្ររបបយោធា ខណៈការបោះឆ្នោត​សកលឡើងវិញនៅ​ប្រទេសថៃ នឹងត្រូវធ្វើឡើង​នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ បន្ទាប់ពីការធ្វើរដ្ឋប្រហារ​​ទម្លាក់​លោក​ស្រី​ យីងឡាក់ ពីតំណែង​នាយករដ្ឋមន្ត្រីថៃ កាលពី​ខែឧសភា ឆ្នាំ២០១៤។

គួរបញ្ជាក់ថា ការតែងតាំង​ព្រះនាងម្ចាស់​ Ubolratana ធ្វើជាបេក្ខភាព​​នាយករដ្ឋមន្ត្រី​របស់គណបក្សថៃ​រក្សាជាតិ ដែលត្រូវបានគេ​មើលឃើញថា អាចមាន​​ប្រជាប្រិយភាព​ខ្លាំង​ក្នុងការបោះឆ្នោត​នោះ បានធ្វើឲ្យមហាជន​ក្នុងប្រទេសថៃចាប់អារម្មណ៍​យ៉ាងខ្លាំង​បំផុត ហើយ​សារព័ត៌មាន​ធំៗ​ទូទាំង​សកលលោក ក៏បានចុះផ្សាយជាបន្តបន្ទាប់ អំពីរបត់នយោបាយថ្មី​មិនធ្លាប់នៅក្នុងប្រទេសថៃនេះផងដែរ។

ទោះបីជា​បែបនេះក្តី ចាប់តាំងពី​ការប្រកាន់យក​របបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ ពីឆ្នាំ១៩៣២ មកទល់នឹង​ពេលបច្ចុប្បន្ន​នេះ ពុំដែល​មានសែរាជវង្ស​ជាន់ខ្ពស់ថៃណា​មួយ ចេញមុខ​លេងនយោបាយ​នោះ​ឡើយ ដូច្នេះហើយ​ទើបការតែងតែង​ព្រះរាម​របស់ព្រះមហា​ក្សត្រថៃខាងលើនេះ បានបង្កឲ្យ​គ្រប់គ្នាភ្ញាក់​ផ្អើល ខណៈប្រទេស​ថៃ​បានល្បីល្បាញ​​​ខាងធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីរិល រាប់ទសវត្សរ៍មក​ហើយ៕